(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ចូលរួមក្នុងឱកាសនោះដែរ មានលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក សេង គន្ធ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវបំរើប្រជាពលរដ្ឋឱ្យបានល្អ ទាំងការបំរើសេវាជូនពួកគាត់ ដឹងសុខទុក្ខពួកគាត់ និងមើលថែទាំ ជួសជុលរចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានឱ្យបានល្អ ជាមួយនឹងការដឹកជញ្ជូនសំរាមផងដែរ ដូចជាលូ ផ្លូវជាដើម។
លោកប្រធានបន្តថា ក្នុងនាមមន្ត្រីបក្សនៅថ្នាក់សង្កាត់ ត្រូវក្តាប់ព័ត៌មាន នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីយើងអាចជួយប្រជាពលរដ្ឋរបស់យើង នៅក្នុងមូលដ្ឋានបានលឿន និងទាន់ពេលវេលា។ ចំពោះអ្វី ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ហើយនៅថ្នាក់សង្កាត់ដោះស្រាយមិនបាន ត្រូវប្រញ៉ាប់រាយការណ៍មកថ្នាក់ខណ្ឌ ឬថ្នាក់រាជធានីភ្នំពេញភ្លាម។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានឱ្យលោកប្រធានភូមិទាំង៩ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ លើកពីចំណុចខ្លាំង ខ្សោយនិងទិសដៅខាងមុខ នៅតាមភូមិនីមួយៗ សំដៅធ្វើយ៉ាងណាយកជ័យជំនះ ក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ ឱ្យបាន។ គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត ទើបយើងអាចរក្សាសន្តិភាព និងរក្សាបូរណៈភាពទឹកដីពីចោរឈ្លានពានបាន។
លោក ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរ ចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានលះបង់កំលាំងកាយ កំលាំងចិត្ត រហូតធ្វើឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក។
លោក ឃួង ស្រេង បានបន្តទៀតថា៖ យើងមានថ្នាក់ដឹកនាំយើងល្អ ពិតជាសំណាងយើងណាស់។ ស្របពេលនេះ យើងមានបញ្ហាព្រំដែនជាមួយថៃ សំរាប់អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងជាង ៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃ ទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ។ នេះជាការគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ៕