(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥បានអញ្ជើញ ជួបសំណេះសំណាលជាមួយអនុប្រធាន ប្រចាំការគណបក្សស្រុក មន្រ្តីគណបក្ស និងបានប្រគល់ ម៉ាសុីន COPY ម៉ាក Canon មួយគ្រឿងជូនដល់ស្នាក់ការគណបក្សស្រុកចន្ទ្រា ដើម្បីបំពេញការងារ។
លោកបណ្ឌិត សម តារា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ដែលជានិច្ចជាកាលសម្ដេចតែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់ និងតែងតែផ្ដាំផ្ញើឲ្យក្រុមការងារ ក៏ដូចជាអាជ្ញាធរដែនដី យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោកបណ្ឌិត សម តារា បានបន្តថា គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការបន្តដឹកនាំរាជរដ្ឋាភិបាលដ៏ស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនសង្គមជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ក្នុងការដឹកនាំដ៏គួរឲ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
បន្ថែមលើសពីនេះ លោកបណ្ឌិតក៏បានអំពាវនាវដល់សមាជិកបក្ស និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឲ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឲ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត។
លោកបណ្ឌិត សម តារា បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ឲ្យមានតម្លាភាព និងគណនេយ្យភាព ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកបណ្ឌិត សម តារា បានប្រគល់ម៉ាស៉ីន COPY Canon មួយគ្រឿង តម្លៃ ៤,០០០,០០០រៀលជូនដល់គណបក្សស្រុក ទុកបម្រើការងារ នៅស្នាក់ការគណបក្សស្រុក ព្រមទាំងបានឧបត្ថម្ភថវិកា អ្នកចូលរួមចំនួន២,២០០,០០០រៀលផងដែរ៕