(បាត់ដំបង)៖ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដឹកនាំយកអំណោយ ដែលជាមូលនិធិសប្បុរសជន ពុទ្ធិកសមាគមគម្ពុជរដ្ឋ ដើម្បីទិញសម្ភារៈមួយចំនួន ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងមមាញឹក ការពារបូរណភាពដែនដីតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃទិសពាយព្យ មាននៅស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក និង វរព្រំដែនចំណុះ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៃយោធភូមិភាគទី៥ ដើម្បីជួយសម្រួលរាល់តម្រូវការចាំបាច់មួយចំនួនរបស់កងទ័ព។

អំណោយនេះ ត្រូវបានព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុុជរដ្ឋ ចាត់តាំង លោកស្រី ឈរ រ៉ានី, លោកស្រី ម៉ែន នារីនិមល សមាជិកាគណៈកម្មាធិការនាយក និងលោក សៅ សផាត (ឆានុ) ប្រធានគណៈកម្មការ យុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដោយបានការទទួលសម្របសម្រួល ពីសំណាក់ ឧត្តមសេនីយ៍ឯក អឿម សំអាត និងលោកស្រី អៀង ច័ន្ទធី។

សម្ភារៈទាំងអស់រួមមាន៖

-អង្ក ចំនួន ១តោន
-ទឹកត្រី ចំនួន៥០យួរ
-ទឹកស៊ីអ៉ីវ ចំនួន៥០យួរ
-មីជាតិ ចំនួន១០០កេស
-ទឹកបរិសុទ្ធ ចំនួន ១០០កេស
-តង់ ចំនួន ២០
-វិទ្យុទាក់ទង ចំនួន ១០
-ការុងច្រកដី ចំនួន ២០០០ការុង
-អង្រឹងមានមុង ចំនួន ១៥០មុង
-និងថវិកាចំនួន ៤.០០០,០០០រៀល
គិតជាទឹកប្រាក់ ប្រមាណជាង ៥,០០ដុល្លារ ។

អំណោយទាំងនេះ គឺជាការខិតខំប្រឹងប្រែង គៀងគរដឹកនាំប្រមូលមូលនិធិសប្បុរសធម៌ដោយ ព្រះសិរីកោសល សុំ សុខា លោកស្រី ម៉ែន នារីវុឌ្ឍី អនុប្រធានអចិន្ត្រៃយ៍ លោកស្រីឧកញ៉ា គាត កុលណី អគ្គហេរញ្ញឹក និងសមាជិក គណៈកម្មាធិការនាយក និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ជាសប្បុរសជន និងសមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ សរបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ សាមគ្គីភាពស្អិតរមួតរវាងសមភូមិមុខ និងសមភូមិក្រោយ រួមជួយគ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនអាចកាត់ថ្លៃបាន ដើម្បីបូរណភាពទឹកដីរបស់ប្រទេសកម្ពុជាទាំងមូល៕