(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ និងជាមូលធនមនុស្ស ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ការលើកឡើងបែបនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងកម្មវិធីប្រកាសបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនានេះ។
នាឱកាសនេះដែរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លងទន់ភ្លន់ មានភាពបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុង ប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស គ្រឹះស្ថាន សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចបន្តការ សិក្សាបានស្របពេលដែលអាចបំពេញការងារបានក្នុងពេលជាមួយគ្នា ដើម្បីស្វែងរកចំណូល និងចូលរួមចំណែក ក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន ឬអាចបន្តការសិក្សាទៅកម្រិតខ្ពស់បន្តបន្ទាប់ បានក្រោយពីផ្អាកមួយរយៈដើម្បីបំពេញការងារ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្ស ដែលគាំទ្រដល់ការកាត់បន្ថយនិកម្មភាព ភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែក លើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
លោកបានបន្ដទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស គឺជាវិធានការបង្រួម វិសមភាពចំណូលមួយប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន ដោយត្រូវបានកំណត់ជាកម្មវិធី គោលនយោបាយអាទិភាព១ ក្នុងចំណោម៦ ដែលត្រូវចាប់ផ្តើមអនុវត្តភ្លាមនៅឆ្នាំ២០២៣ សំដៅសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា ដោយជំរុញឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត និងអាចទទួលបានឱកាសការងារ និងបង្កើតការងារដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ សម្រាប់ផ្គត់ផ្គង់ និងឆ្លើយតបបានតាមតម្រូវការទីផ្សារការងារ។
ជាថ្មីម្ដងទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏សូមគាំទ្រចំពោះការបង្កើនវេនសិក្សាឱ្យបានច្រើន ដែលមានភាពបត់បែន និងឆ្លើយតប ទៅនឹងតម្រូវការអ្នកសិក្សា ជាពិសេសយុវជន រួមទាំងកម្មករនិយោជិតក្នុងការអភិវឌ្ឍជំនាញ, ផ្លាស់ប្តូរជំនាញ (Reskilling) និងបង្កើនជំនាញ (Upskilling) ព្រមទាំងការបន្តពង្រឹងភាពជាដៃគូរ វាងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចជាការផ្តល់កន្លែងចុះកម្មសិក្សា/ហាត់ការ និងឱកាសការងារជូនដល់សិស្ស និស្សិត និងសិក្ខាកាម, ការរៀបចំកម្មវិធីផ្លាស់ប្តូរ ជំនាញ ឬបង្កើនជំនាញ, ការចូលរួមជំរុញ និងអនុវត្តកម្មវិធី ធ្វើតេស្តវាយតម្លៃសមត្ថភាពដែលមានពីមុន និងសមត្ថភាពបច្ចុប្បន្ន និងកម្មវិធីបណ្តុះបណ្តាល នៅកន្លែងការងារ (Work-based learning)៕