(កណ្ដាល)៖ លោក ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានថ្លែងថា ប្រជាពលរដ្ឋគឺជាកំលាំងភស្ថុភា និងឧសទិព្វ ដើម្បីបន្ថែមជាកំលាំងថាមពល និងការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់កងទ័ព ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
នេះគឺជាប្រសាសន៍របស់លោក ណុប រ័ត្ននិមល អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង តំណាងលោកកិត្តិសង្គហបណ្ដិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង១ខ្សែប្រវែង ១៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ នៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។
លោកបន្តថា នៅក្រោយពេលការប៉ះទង្គិចគ្នាដោយអាវុធ បាញ់សម្លាប់យុទ្ធជនកម្ពុជា លោក សួន រោន នៅតំបន់មុំបី ខេត្តព្រះវិហារ ប្រជាពលរដ្ឋ និងជនរួមជាតិខ្មែរ បានបង្ហាញនូវការស្រលាញ់ជាតិ ក្នុងការការពារទឹកដី ក្នុងនោះទាំងព្រះសង្ឃ មន្ត្រីរាជការ សប្បុរសជន និងប្រជាជនកម្ពុជាយើង បានរួបរួមសាមគ្គី ដោយបានផ្តល់ស្បៀងអាហារ សម្ភារៈ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅដល់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងការពារបូរណភាព នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ។
លោក ណុប រ័ត្ននិមល បានចាត់ទុកថា នេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ និងមិនអាចកាត់ថ្លៃបានពីសមរភូមិក្រោយ ចំពោះការលើកទឹកចិត្តដល់សមរភូមិមុខ។
ក្នុងនាម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង, លោក ណុប រ័ត្ននិមល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជនរួមជាតិខ្មែរ សូមជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក្នុងដោះស្រាយបញ្ហាជម្លោះព្រំដែន ពិសេសរវាងប្រទេសថៃនិងកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានផ្ញើលិខិតបណ្តឹងជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ លើកឡើង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួន ក្នុងករណីមានការឈ្លានពានមកដែនអធិបតេយ្យរបស់កម្ពុជា។ កម្ពុជាចង់បានសុខសន្តិភាព តែក៏មិនឲ្យគេមើលងាយ និងឈ្លានពានស្រេចតែអំពើចិត្តនោះដែរ៕