(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងសប្បុរសជនដើម្បីឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
សរុបទាំងថវិកា ស្បៀង និងសម្ភារៈផ្សេងៗ ដែលប្រគល់ជូននាពេលនេះគិតជាទឹកប្រាក់សរុប ជាង ៣៦០ ០០០ដុល្លារអាម៉េរិក ។
ពិធីនេះមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អង្គការចាត់តាំងយុវជនគណបក្សតាមបណ្តាផ្នែក ថ្នាក់ ប្រមាណ ៩២នាក់។
បន្ទាប់ពីនាំយកថវិកា និងសម្ភារៈដែលទទួលបានពីសម្តេចធិបតី និងលោកជំទាវ ព្រមទាំងសប្បុរសជន ឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានដឹកនាំគណៈប្រតិភូនាំយកថវិកា និងសម្ភារៈរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ទៅចូលរួមរំលែកទុកគ្រួសារសព លោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូច សើបការណ៍ វរសេនាតូច៣៩២ កងពលលេខ៩ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្រួសារសពព្រឹន្ទបាលឯក សួន រ៉ោន ដែលមរណភាពដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដោយគ្រួសារសពនីមួយៗទទួលបានថវិការចំនួន ២០លានរៀលនិងសម្ភារៈមួយចំនួនទៀតផងដែរ។
នៅថ្ងៃដដែលលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូ ក៏បានបន្តអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសទៅទីទួលមានសុវត្ថិភាព៣៥០គ្រួសារ ដោយបានឧបត្ថម្ភថវិការបស់ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនក្នុងមួយគ្រួសារចំនួន៤០ម៉ឺនរៀលផងដែរ៕