(សៀមរាប)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល ស្តីពី « Comprehensive Exercise: CSIRT» នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ ដែលរៀបចំឡើងចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ៥០នាក់។
វគ្គបណ្ដុះបណ្ដាលនេះ ជាសកម្មភាពបន្តមួយនៃគម្រោងលើកកម្ពសភាពធន់នៃសន្តិសុខសាយប័រ ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង ដើម្បីកសាងចំណេះដឹងមូលដ្ឋាន និងជំនាញអនុវត្តដែលចាំបាច់សម្រាប់ការបង្កើត ដំណើរការ និងពង្រឹងសមត្ថភាពក្រុមឆ្លើយតបឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ ស្របតាមស្តង់ដារអន្តរជាតិ និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិ ផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការ ជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ លើជំនាញសន្តិសុខសាយប័រផងដែរ៕