(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនល្មើសម្នាក់ ជាមួយនឹងថ្នាំញៀនជាង៤គីឡូក្រាម ស្ថិតនៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦៖០០នាទី ដោយកម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋាន រាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹមហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណី រក្សាទុកដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាលទ្ធផលចាប់ខ្លួនជនល្មើស ០១នាក់ ភេទប្រុស ជនជាតិ ខ្មែរ អាយុ៣២ឆ្នាំ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់៧០៧.៥៩ ក្រាម, គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២០៦៦,០៥ក្រាម, គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ ១២៩២.០៥ក្រាម សរុបរួមសារធាតុញៀនទម្ងន់ជាង៤គីឡូក្រាម។
បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕