(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ជាក់ជាថ្មីថា កម្ពុជាដាច់ខាតមិនទទួលស្គាល់ផែនទីគូស ដោយឯកតោភាគីរបស់ថៃនោះទេ។
ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងច្បាស់ថា ផែនទីដែលកម្ពុជាទទួលស្គាល់ត្រូវតែស្របនឹងផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧។
ប្រធានគណបក្សកាន់អំណាចកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «តាមអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ ដែលក្នុងនោះមានការកំណត់លើការប្រើប្រាស់ផែនទីត្រឹមត្រូវ ផែនទីឯកតោភាគីណាមួយមិនត្រូវបានទទួលស្គាល់នោះទេ លុះត្រាតែផែនទីនោះស្របជាមួយផែនទីគោលដែលកំណត់ដោយកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានប្រើប្រាស់ជាហូរហែរហូតដល់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ ជាពិសេសបានយកមកកាត់ក្ដីនៅឆ្នាំ ១៩៦២ បន្ថែមទៀត ដូច្នេះក្រៅពីផែនទីនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់នោះទេ។
ជាមួយគ្នានេះ ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានជួបប្រជុំគ្នាទទួលបានលទ្ធផលប្រសើរ បើទោះបីមិនទាន់សមស្របពេញលេញនៃការចង់បានយ៉ាងណាក្ដី។
គោលជំហររបស់កម្ពុជា ត្រូវបានលោក ឡាំ ជា រដ្ឋមន្ដ្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ប្រាប់ភាគីថៃថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០,០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញ បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។
ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត៕