(ភ្នំពេញ)៖ តាមរយៈថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការនៅប្រទេសថៃ សូមឱ្យត្រឡប់មកប្រទេសកំណើតវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
សម្តេចតេជោ ហ៊ុន សែន ក៏អរគុណសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍រួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែថា ការបន្ធូរបន្ថយនេះមិនមែនជាការលុបបំណុលនោះទេ តែអាចជាការសម្រួលដល់លក្ខខណ្ឌបង់ការប្រាក់ ឬលក្ខខណ្ឌសមស្របណាមួយ។ បន្ថែមពីនេះ សម្តេចក៏អំពាវនាវ ឱ្យសមាគមទាំងពីរខិតខំជួយស្រោចស្រង់បងប្អូនប្រជាជនដែលត្រលប់មកពីប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងដូច្នេះថា៖ «យើងមិនអាចនៅទីនោះ (ថៃ) អស់មួយជីវិតនោះទេ សភាពការណ៍នេះ នៅពេលដែលរឿងរ៉ាវព្រំដែន មិនទាន់ចប់ សភាពការណ៍ ការប្រមាថ ការម៉ាក់ងនឹងមានជាបន្ត ដូច្នេះ បងប្អូន គួរតែត្រូវចាកចេញឱ្យបានមុនពេលដែលគេបណ្តេញចេញ ឬត្រូវរង់ការប្រមាថ ការរើសអើង»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជា កម្សត់ណាស់ទៅហើយ ខណៈពីអតីតកាលកម្ពុជា ខ្វះការងារធ្វើ ប៉ុន្តែ បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា សម្បូរការងារធ្វើច្រើនកន្លែង ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ សូមវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថានទូត និងកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារនៅប្រទេសថៃ ត្រូវសម្របបសម្រួលលើលិខិតស្នាមនានាជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ឱ្យបានរហ័ស និងផ្តល់ភាពងាយស្រួល។ ចំណែកអាជ្ញាធរខេត្តទាំងអស់នៅជាប់ព្រំប្រទេសថៃ ត្រូវរួមគ្នាខិតខំធ្វើការងារឱ្យបានល្អ រហ័ស ដើម្បីដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលមកកម្ពុជាវិញជាដើម។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ «យើងមិនអាចទៅពឹងពាក់គេមួយជីវិតនោះទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ កំពុងធ្វើការនៅប្រទេសត្រូវតែវិលចូលប្រទេសកំណើតវិញ ហើយពេលវេលានេះជាពេលដែលស័ក្តិសមបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រេចចិត្តវិលមកប្រទេសរបស់ខ្លួនវិញ»។ ខណៈបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺមិនងាយនឹងដោះស្រាយបញ្ចប់នោះទេ ត្រង់ចំណុចនេះនៅពេលមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរម្តងៗ គឺការប្រមាថម៉ាក់ងាយមកលើបងប្អូនបប្រជាពលរដ្ឋខ្មែរកំពុងធ្វើការនៅប្រទេសថៃ ក៏បានកើតមានជាញឹកញាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងដំណាក់កាលនេះកម្តៅជម្លោះព្រំដែនរវាងប្រទេសទាំងពីរបានកើតឡើង និងកាន់តែធ្ងន់ធ្ងរឡើង រហូតមានការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរជាដើម។ ចំពោះច្រកព្រំដែន កងទ័ពថៃ ជាអ្នកបិទហេតុនេះកងទ័ពថៃត្រូវតែជាអ្នកបើក ដោយកម្ពុជាមិនត្រូវចរចារទៅលើបញ្ហានេះទេ។ ថៃជាអ្នករំលោភលើកិច្ចព្រមព្រៀងប្រទេសទាំងពីរ ដោយពេលបិទ គឺបិទដោយខ្លួនឯង ហើយពេលចង់បើកបែរជាបបួលកម្ពុជាចរចារដើម្បីកុំឱ្យបាក់មុខ។ កម្ពុជាជាប្រទេសដែលមានកិត្តិយស និងមានការទទួលខុសត្រូវ។ សង្ឃឹមថាថៃ ចេះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ ពេលចង់បិទ ក៏បិទហើយពេលចង់បើកបបួលកម្ពុជាចរចារ កម្ពុជាមិនអាចទទួលយកបានទេ។
គួរជម្រាបថា តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។
ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់មកវិញបើពួកគេមានបំណងត្រឡប់មកវិញ។ ពលករខ្មែរជាចំណែកមួយយ៉ាងធំ ទ្រទ្រង់ដល់ច្រវាក់ផលិតកម្ម របស់ថៃ ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្មផ្សេងៗ។ ការចាកចេញរបស់ពលករខ្មែរនឹងធ្វើឱ្យការផលិតរបស់ថៃជួបបញ្ហា។
កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលថៃ ធ្លាប់បានអនុវត្តន៍វិធានបណ្តេញពលករខ្មែរ ចេញពីប្រទេសខ្លួនផងដែរ តែក្រោយឃើញពីបញ្ហាក៏បានសម្របសម្រួលឱ្យ ពលករ ខ្មែរបានធ្វើការក្នុងប្រទេសខ្លួនវិញ។
គួរឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាជាថ្មីម្តងទៀតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរយើងត្រឡប់មកមាតុភូមិជាទីស្រឡាញ់វិញទាំងឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕