(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីមូលហេតុដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ពីព្រោះយន្តការដោះស្រាយរវាងកម្ពុជា និងថៃ មិនអាចរកការស្រុះស្រួលគ្នាលើតំបន់ទាំង៤ ប្រាសាទតាមាន់ធំ តាមាន់ធំ តាក្របី និងមុំតំបន់៣ នោះទេ។ ម្រើសរបស់កម្ពុជា គឺការដោះស្រាយដោយសន្តិភាព និងអនុវត្តតាមច្បាប់អន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការគាប់ជួនណាស់កាលពី ៦៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជាបានយកឈ្នះក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយថ្ងៃដដែលម្សិលមិញ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចុះហត្ថលេខាប្តឹងជាថ្មី ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ នេះជាលិខិតដែលកម្ពុជា បញ្ជូនចេញ ចំណែកឯសំណុំរឿងដទៃទៀត កម្ពុជានឹងបញ្ជូនតាមក្រោយផងដែរ។
តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហេតុអីបានយើង ត្រូវយកបញ្ហានេះទៅ តុលកា ICJ? ចំណុចនេះ ដោយសារតែភាគទីទាំងពីរ មិនអាចចុះសម្រុងគ្នា បានទេនៅតំបន់ទាំង៤ហ្នឹង។ បើភាគីទាំងពីរមិនអាចរកឃើញការចុះសម្រុងគ្នា ជម្រើសរបស់យើងត្រូវរកជម្រើសសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ»។
ត្រង់ចំណុចនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជា ត្រូវការដោះស្រាយដោយសន្តិភាព ដូចនេះយន្តការទ្វេរភាគីនៃកាចរចា ក៏សន្តិភាព, យន្តការចូលទៅដោះស្រាយក្តីក្នុងផ្លូវច្បាប់ ក៏ជាយន្តការសន្តិភាព។ ក្នុងន័យនេះមិនមែនមានន័យថាបញ្ជូនសំណុំរឿងទៅកាន់តុលាការអន្តរជាតិ គឺជាការបង្កសង្គ្រាម ឬបង្កើតឱ្យមានភ្លើងសង្គ្រាមនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាច្បាស់លាស់ហើយដែលបានបង្ហាញពីចេតនាអាក្រក់របស់ភាគីម្ខាងទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺបានបង្ហាញយ៉ាងច្បាស់ថាភាគីមេទ័ពថៃ ចង់បង្កឱ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ ចៀសជាងទៅរកផ្លូវសន្តិភាព តាមយន្តការដោះស្រាយផ្លូវតុលាការអន្តរជាតិ។
តបទៅនឹងសម្តីរបស់មេទ័ពភូមិភាគទី២ របស់ថៃ, អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ៗថា៖ «កម្ពុជា មិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវៃគ្នានោះទេ តែកម្ពុជា មិនចង់វៃគ្នានោះទេ កម្ពុជា បញ្ជាក់ពីឆន្ទៈរបស់ខ្លួន។ កម្ពុជា មានកម្លាំងទប់ទល់ជាមួយនឹងការបង្កបញ្ហាណាមួយជាយថាហេតុទាំងអស់ ប៉ុន្តែ ខ្លួនមិនចង់វៃអ្នកណាទាំងអស់ ត្រឹមតែការពារទឹកដីរបស់ខ្លួននេះ»។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា និងថៃ មានព្រំដែនជាប់គ្នាជាង៨០០គីឡូម៉ែត្រ ខណៈតំបន់ទាំង៤ រួមមាន៖ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ គឺមិនអាចរកការស្រុះស្រួលគ្នាបាននោះទេ។ ចំពោះការដោះស្រាយដោយប្រើប្រាស់យន្តការទ្វេភាគី ១០០ឆ្នាំ ឬ២០០ឆ្នាំទៀត ក៏បញ្ហាទាំងនេះមិនអាចបញ្ចប់បានដែរ។ នៅតំបន់ទាំង៤នេះ វាក៏ជាមូលហេតុនៃការបំផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ ដូច្នេះ ទើបកម្ពុជា សម្រេចជ្រើសរើសយកដំណោះស្រាយសន្តិភាព តាមរយៈការចរចា និងតាមរយៈការបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។
«ខ្ញុំសង្ឃឹមថា ប្រទេសនៅលើពិភពលោកដែលគោរពច្បាប់អន្តរជាតិ ដែលចៀសវាងការប្រើប្រាស់កម្លាំងនឹងគាំទ្រដល់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិភាពវិធី សន្តិភាព តាមរយៈការចរចាទ្វេភាគី និងតាមរយៈយន្តការតុលាការ»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា អ្នកដែលគេចវេសពីការដោះស្រាយតាមផ្លូវតុលាការ មានន័យថាខ្លួន មានពិរុទ្ធភាព ហើយបើនិយាយតាមត្រង់ គឺមានតែចោរទេ ដែលវាខ្លាចតុលាការ។ បើមានភាពបរិសុទ្ធ មិនត្រូវខ្លាចតុលាការកាត់ក្តីនោះទេ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកប្រទេសឥណ្ឌូនេស៉ី ម៉ាឡេស៊ី និងសិង្ហបុរី ជាគំរូក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនជាមួយគ្នា តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ហើយការដោះស្រាយបែបនេះ គឺជាវិធីដោះស្រាយធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗចៀសផុតពីគំនាបរបស់មហាជន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រទេសនានាដែលស្រឡាញ់សន្តិភាព ហើយស្អប់សង្គ្រាម សូមគាំទ្រការប្តឹងរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា មិនចង់ឱ្យអាស៊ាន ឈឺក្បាលជាមួយកម្ពុជានោះទេ តែសម្តេចជឿថា សម្តេចនាយករដ្ឋមន្ត្រី នឹងលើកក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
គួរឱ្យដឹងថា តាមបណ្ដាញសង្គមនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើង «កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ហើយនាថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា៕