(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរ នាំគ្នាប្រើប្រាស់ផលិតផលខ្មែរ ដែលជាស្មារតីជាតិនិយម ដើម្បីពង្រឹងភាពច្បាស់ការលើខ្លួនឯង។
ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីភាគីថៃ បានបិទច្រកព្រំដែនជាឯកតោភាគី ដែលជំរុញឱ្យកម្ពុជាមានវិធានការឆ្លើយតបវិញ តាមរយៈការបិទមិនឱ្យទំនិញថៃ មានបន្លែ ផ្លែឈើ នាំចូលមកម្ពុជាវិញ។ ពិសេសនោះ លទ្ធភាពនៃការបិទមិនឱ្យទំនិញថៃទាំងស្រុង គឺមានខ្ពស់។
បន្ថែមពីនេះ សម្តេចអំពាវនាវផងដែរ ឱ្យបងប្អូនជនរួមជាតិមានភាពនឹងនរចិត្ត កុំព្រួយបារម្ភចំពោះការបិទមិនឱ្យទំនិញថៃនេះ និងស្នើសុំដល់អ្នកលក់ទំនិញក្នុងស្រុក កុំឆ្លៀតឱកាលនេះ ដំឡើងថ្លៃ ដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សុំនិយាយទុកជាមុនថា លទ្ធភាពនៃការបិទមិនឱ្យនាំទំនិញចូលមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ប្រសិនបើព្រំដែន មិនត្រូវបានបើកឱ្យដំណើរការឡើងវិញ។ ហើយសូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវនឹងនរ ហើយគ្រាន់តែបញ្ហាបិទផ្លែឈើ និងបន្លែនេះបងប្អូនកម្ពុជា កុំឆ្លៀតដំឡើងថ្លៃក្នុងពេលនេះ។ យើងត្រូវការប្រើប្រាស់ទំនិញក្នុងស្រុករបស់យើង ដែលគ្មានជាតិគីមីផង មិនព្រួយបារម្ភពីរឿងជាតិគីមីទេ។ ខ្ញុំបាននិយាយតាំងពីដើមទី ថាកុំឱ្យជម្លោះរីករាលដាលពីកន្លែងមួយ ទៅកាន់កន្លែងមួយ ពីវិស័យមួយទៅកាន់វិស័យមួយទៀត ប៉ុន្តែបែរជាខាងនោះ គិតថាជាចំណុចខ្សោយរបស់កម្ពុជា អ្នកគិតខុសហើយ ដែលធ្វើឱ្យរីករាលដាលដល់វិស័យដទៃ»។
សូមជម្រាបថា ភាគីថៃបានប្រើប្រាស់យន្តការគំរាមនានាមកកម្ពុជា រួមមាន ការផ្តាច់អគ្គិសនី ផ្តាច់អ៉ីនធឺណិត ការបិទច្រកព្រំដែនជាឯកតោភាគី ជាដើម។ ឆ្លើយតបនឹងការគំរាបនេះ កម្ពុជាបានសម្រេចឈប់ទិញអគ្គីសនី និងអ៉ីនធឺណិតពីប្រទេសថៃ ដែលធ្វើឱ្យថៃបាត់ចំណូលរាប់រយលានដុល្លារក្នុង១ឆ្នាំៗ។ បន្ថែមពីនេះ ភាគយន្តថៃ ក៏ត្រូវបានបញ្ឈប់មិនឱ្យចាក់បញ្ចាំងលើប៉ុស្តិ៍ទូរទស្សន៍ និងរោងកុនទូទាំងប្រទេសផងដែរ។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវិធានការរបស់កម្ពុជា ឆ្លើយតបចំពោះការបិទព្រំដែន ជាឯកតោភាគីពីសំណាក់យោធាថៃនោះ គឺកម្ពុជាទុកពេល២៤ម៉ោង ឱ្យភាគីថៃធ្វើឱ្យស្ថានភាពតាមច្រកព្រំដែនវិលត្រឡប់ ទៅស្ថានភាពដើមវិញ បើមិនដូច្នោះទេ កម្ពុជានឹងបិទមិនឱ្យនាំចូលបន្លែ និងផ្លែឈើថៃ ចូលមកកម្ពុជានៅគ្រប់ច្រកព្រំដែន៕