(ព្រះវិហារ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងទ័ពជួរមុខឈរជើងតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ។

ថ្លែងក្នុងពិធីសំណេះសំណាល លោករដ្ឋមន្ត្រី បានបានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករឭកជូនដល់បងប្អូនកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទិសព្រះវិហារ ក៏ដូចជាបងប្អូនកងកម្លាំងទាំងអស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផងដែរ ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តយន្តការចងសម្ព័ន្ធមេត្រីជាមួយបណ្តាអង្គភាពកងទ័ព ក្នុងនាមសមរភូមិក្រោយ ដោយបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនជូនដល់កងកម្លាំងជាប់ជាប្រចាំ ដើម្បីចូលរួមគាំទ្រអង្គភាពជួរមុខសម្រាល ការលំបាកនៅក្នុងការបំពេញបេសកកម្មរបស់ខ្លួន និងដើម្បីអរគុណចំពោះពលិកម្មគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីស្នេហាជាតិ ដើម្បីការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ជូនប្រជាជន និងជាតិមាតុភូមិ ជាពិសេសការផ្សារភ្ជាប់រវាងសមរភូមិមុខជាមួយសមរភូមិក្រោយ តាមរយៈសិល្បៈនៃការចែករំលែក និងចលនាកៀរគរជំនួយឧបត្ថម្ភបន្ថែមជួយដល់កងទ័ពជួរមុខ។

សូមបញ្ជាក់ថា អំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគដែលប្រគល់ជូនកងទ័ពជួរមុខនាពេលនេះរួមមាន អង្គរ១០តោន ត្រីងៀត៧០គីឡូក្រាម ត្រីខ៦០០យួរ ឆៃប៉ូវ២០០គីឡូក្រាម អំបិល៣០០គីឡូក្រាម ទឹកម្ទេស១៥០យួរ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ១៥០យួរ ទឹកបរិសុទ្ធ២០០កេះ មី២០០កេះ អាវភ្លៀង៥០០អាវ ពិល១៦១ កូនកាំបិត២០០ ដ្រូន (DJI MINI 3 Fly) ៣គ្រឿង វីតាមីនសេ១២០០ទីប ព្រមទាំងថវិកាមួយចំនួន ដែលសរុបជាទឹកប្រាក់ប្រមាណ ១៦០លានរៀល៕