(តាកែវ)៖ អភិបាលខេត្តតាកែវលោក វ៉ី សំណាង បានបញ្ជាក់ថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មជាកម្មករកម្មការិនីប្រមាណ ១៤,០០០នាក់ ដើម្បីបំពេញតម្រូវការនៅតាមរោងចក្រ សហគ្រាស ដែលនេះជាឱកាសមួយដល់បងប្អូនកម្មករកម្មការិនីដែលទើបវិលត្រឡប់មកពីប្រទេសថៃ អាចនាំគ្នាដាក់ពាក្យចូលមកបម្រើការតាមរោងចក្រសហគ្រាសទាំងអស់នេះបាន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានអំពាវនាវបងប្អូនពលកពលការិនី ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយដែលមានជំនាញពិតប្រាកដ អាចមកដាក់ពាក្យនៅវិទ្យាស្ថានពហុបច្ចេកភូមិភាគទេសតេជោសែនតាកែវ ដើម្បីសម្ភាសន៍ និងទទួលយកការបញ្ជាក់ជំនាញឯកទេសដែលខ្លួនចេះយកទៅប្រើប្រាស់។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក វ៉ី សំណាង បានថ្លែងថា «ចំពោះបងប្អូនពលករពលការិនី ដែលមានបទពិសោធន៍ និងចេះជំនាញច្បាស់លាស់នៅប្រទេសថៃ ប៉ុន្តែគ្មានលិខិតបញ្ជាក់ អាចមកទាក់ទងនៅវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ ដើម្បីសម្ភាសន៍ ហើយក្រុមការងារវិទ្យាស្ថាន នឹងចេញលិខិតបញ្ជាក់ការសិក្សាជូន»៕