(ព្រៃវែង)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំសម្ភារប្រើប្រាស់មួយចំនួនដល់កងទ័ពកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោកឈរជើងនៅទិសប្រាសាទព្រះវិហារ ដែលមានលោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការ បាននិងកំពុងឈរជើងបំពេញតួនាទី និងភារកិច្ច ការពារដែនអធិបតេយ្យភាពជាតិ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងឱកាសនោះលោកបណ្ឌិត ឃួន សុវណ្ណ បានកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងទ័ពកងពលតូចអន្តរាគមន៍លេខ១ កងទ័ពជើងគោកឈរជើងនៅទិសប្រាសាទព្រវិហារដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។
លោកបណ្ឌិតបានបន្តទៀតថា ការសួរសុខទុក្ខ និងនាំសម្ភារប្រើប្រាស់ដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ តែងតែនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារ អធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ៕