(កែប)៖ រដ្ឋបាលខេត្តកែប បានប្រារព្វពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធជាច្រើននាក់ ដែកប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥​ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងវិជ្ជាជីវៈខេត្ត​កែប​។

លោក ណុប សារឿន នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានអោយដឹងដែរថា បច្ចុប្បន្នមជ្ឈមណ្ឌលរបស់លោកកំពុងបណ្តុះបណ្ដាលលើ៤កំរិត មានជំនាញចម្រុះជាច្រើន។ កន្លងទៅមជ្ឈមណ្ឌលនេះ ផ្តល់នូវជំនាញជូនក្រុមយុវជនគោលដៅ បានចំនួន៩៣៣នាក់ ស្រី៥០៥នាក់ និងបានផ្តល់ប្រាក់ឧបត្ថម្ដដល់សិស្ស ដែលមានប័ណ្ឌក្រីក្រ និងប័ណ្ណងាយរងហានិភ័យមានជាង ៦០០នាក់។  ក្នុងចំណោមយុវជនដែល មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានផលិតអត្រាមានការងារធ្វើរហូតដល់៧០%។

យុវជនឈ្មោះ សៀន តាំ និងយុវជនដទៃទៀត ដែលទើបបញ្ជប់ការសិក្សាលើផ្នែកបរិក្ខាម៉ាស៊ីនត្រជាក់ បានអោយដឹងថា ក្រោយបញ្ចប់ការសិក្សាពួកគេ បានទៅធ្វើការនៅរាជធានីភ្នំពេញ តាមរយៈការរៀនសូត្រជំនាញនៅទីនេះ រយៈពេល៣ខែ ដំណើរជីវិតរបស់ពួកខ្លូនបានផ្លាស់ប្តូរ អាចមានការងារមួយច្បាស់លាស់ ជួយខ្លួនឯងផង និងគ្រួសារផង។ យ៉ាងណាយុវជនរូបនេះ ណែនាំដល់យុវជនដែលមានស្ថានភាពស្រដៀងគ្នា កុំបន្តចំណាយពេលអត់ប្រយោជន៍ ងាកមកចូលរៀនសូត្រយកជំនាញមួយជាប់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះលោកបណ្ឌិត សោម ពិសិដ្ឋ បានអាននូវសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨។

ទន្ទឹមនេះលោកអភិបាលខេត្ត ក៏បានលើកឡើងថា ស្របពេលដែលកម្ពុជាកំពុងមានការខ្វះខាតកម្លាំងពលកម្មជំនាញ ក្នុងការបំពេញការងារនៅតាមមូលដ្ឋានរោងចក្រ អាជីវកម្មនានា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នេះ គឺជាឧបករណ៍ក្នុងការប្រែក្លាយកម្លាំងពលកម្មកម្ពុជា ទៅជាអ្នកជំនាញ ជាអ្នកបច្ចេកទេស និងជាមូលធនមនុស្សដែលគាំទ្រដល់ការកាត់បន្ថយភាពក្រីក្រ និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ លើកកម្ពស់កម្រិតជីវភាពប្រជាជនឱ្យកាន់តែប្រសើរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕