(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក សុខ លូ បានដឹកនាំក្រុមការងារចុះ ត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង និងបន្តពិនិត្យច្រកទ្វារតំបន់ព្រំដែន សួនស៊ុំ (អូរអន្លក់) ស្ថិតក្នុងស្រុកកំរៀង បន្តដំណើរត្រួតពិនិត្យច្រកទ្វារតំបន់ព្រំដែន អូររំដួល ស្រុកភ្នំព្រឹក និងច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន។

លោក សុខ លូ បានបន្តថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងករណីមានពលករខ្មែរសម្រុកវិលត្រឡប់មកច្រើន ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់មានពលករសម្រុកមកច្រើននោះទេ។ ជាមួយគ្នានេះ អភិបាលខេត្តបានអំពាវនាវឱ្យប្រជាពលរដ្ឋនៅរស់តាមតំបន់ព្រំដែន សូមជឿលើព័ត៌មានពិត និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃ។

លោក សុខ លូ បានបញ្ជាក់ថា ក្រោយថៃបិទច្រកព្រំដែនជាឯកតោភាគី គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀងបន្តបិទទាំងស្រុងសម្រាប់ការចរាចរណ៍ ទំនិញខណៈច្រកថ្មើជើងបើកដំណើរការធម្មតា។ ដោយឡែកច្រកព្រំដែន ៤ផ្សេងទៀតបន្តបើកដំណើរការជាធម្មតាដោយបើកនៅម៉ោង ៩ព្រឹក និងបិទនៅម៉ោង ៤រសៀល។

លោក សុខ លូ បន្ថែមថា ប្រសិនបើពលករខ្មែរធ្វើការនៅប្រទេសថៃ ជួបការលំបាក និងរងការប្រមាថ ហើយវិលត្រឡប់មកស្រុកខ្មែរវិញ គឺរាជរដ្ឋាភិបាល នឹងស្វែងរកការងារក្នុងស្រុកជូនដល់ពលករយើងទាំងនោះ៕