(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនកងកម្លាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ច ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។
លោកវរសេនីយ៍ទោ ទិត ចាន់ មេបញ្ជាការកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅទិសភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ និងលោក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំទិសពាមបាង ស្រុកស្ទោង បញ្ជាក់ថា កន្លងមកនេះការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ទទួលបានលទ្ធផលល្អប្រសើរ ការដាក់របាំងសាច់អួន និងរបាំស្បៃមុងខុសច្បាប់ ត្រូវបានកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបនិងបំផ្លាញចោលនូវឧបករណ៍នៃសាទខុសច្បាប់បានជាបន្តបន្ទាប់ ប៉ុន្តែបទល្មើសនេសាទ នៅតែបន្តកើតឡើង ដោយក្រុមជនល្មើសមួយចំនួននៅតែបន្តលបលួច ដាក់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយបំផ្លាញធនធានមច្ឆជាតិ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជនទូទៅ រាប់លាននាក់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងពីរគោលដៅ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះ ព្រមទាំងអាជ្ញាធរដែនដី ដោយបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ បានប្រគល់ជូន។
លោកបានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្តីពីបញ្ហាព្រំដែនកម្ពុជាថៃ ពិសេសការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តធម៍អន្តរជាតិ អាយសុីជេ ដើម្បីស្វែងរកដំណោះស្រាយតាមច្បប់អន្តរជាតិ នៅតំបន់ចំនួន បួនគឺ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបី ។
លោកបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលប្រមុខរាជរដ្ឋាភិបាល បានប្រគល់ជូន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងប្រធានគណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្របឹងទន្លេសាប ស្តីពីវិធានការទប់ស្កាត់ក្នុងរដូវបិទនេសាទ និងមានវិធានការមុឺងម៉ាត់ក្នុងការបង្ក្រាបការដាក់របាំងស្បៃមុខុសច្បាប់ និងរបាំងស្បៃអួនខុសពីការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសកម្មភាពលួចឆក់ត្រីតាមគ្រប់រូបភាព ហើយដាច់ខាតត្រូវការពារឲ្យបានតំបន់ឡូត៍អភិរក្សពូជត្រី ដើម្បីឲ្យផលត្រីសំបូរឡើងវិញនៅ ក្នុងដូវបេីកនេសាទនៅពេលខាងមុខនេះក៏ដូចជាបណ្ដាឆ្នាំខាងមុខទៀត។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជួនទីបញ្ជាការស្រាលទាំងពីរគោលដៅ រួមមាន៖ ប្រេងសាំងចំនួន ៨០០លីត្រ និងសៀងអាហាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន ឧបត្ថម្ភជូនកងកម្លំាងទាំងពីរគោលដៅ សម្រាប់បន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទ ឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយ៕