‎(កំពង់ស្ពឺ)៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមកាងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញក្នុងពិធីសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការងារពាក់ព័ន្ធ និងវិស័យដីធ្លីដល់អាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

សិក្ខាសិលានេះមានចូលរួមពីសំណាក់ លោកវាកគ្មិន គណៈអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងមេឃុំ-ចៅសង្កាត់ក្រុមការងារភូមិបាលក្រុងច្បារមន និងស្រុកគងពិសី អជ្ញាធរមូលដ្ឋានចូលរួមជាច្រើនរូបទៀត នៅសាលប្រជុំធំរដ្ឋបាលខេត្តកំពង់ស្ពឺ។

‎បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា សិក្ខាសាលានាពេលនេះ គឺក្នុងគោលបំណងចូលរួមចំណែកពង្រីកចំណេះដឹង និងសមត្ថភាពដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមេភូមិ មេឃុំ-ចៅសង្កាត់ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ អំពីការងារពាក់ព័ន្ធក្នុងវិស័យដីធ្លី ដោយផ្តោតទៅលើប្រធានបទចំនួន៣សំខាន់ៗគឺ កិច្ចការរដ្ឋបាល ពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋាន, កិច្ចការពាក់ព័ន្ធនឹងវិស័យដីធ្លី និងការទទួលខុស ត្រូវតាមផ្លូវច្បាប់របស់មន្ត្រី អាជ្ញាធរមូលដ្ឋាននៅថ្នាក់ភូមិ ឃុំ សង្កាត់។

លោកបណ្ឌិតបញ្ជាក់ថា ចំពោះប្រធានបទទី១ និងទី២ គឺជាការផ្តល់ចំណេះដឹងនិងធាតុចូលបន្ថែមជូន ចំពោះអាជ្ញាធរឃុំ សង្កាត់ និងភូមិ ដើម្បីប្រសិទ្ធភាពនៃការងារ។ ប្រធានបទទី៣ បញ្ជាក់ប្រាប់ទៅអាជ្ញាធរឃុំ-សង្កាត់ ភូមិទង្វើអសកម្ម ការធ្វេសប្រហែស និងទង្វើខុសច្បាប់ អាចបណ្តាលឲ្យមានទណ្ឌកម្ម និងការទទួលខុសត្រូវច្រើនប្រភេទ ដូចជាព្រហ្មទណ្ឌ រដ្ឋប្បវេណី រដ្ឋបាល និងជាពិសេស ការទទួលខុសត្រូវចំពោះមុខច្បាប់។

‎លោកបណ្ឌិត អភិបាកខេត្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់នូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ វិធានការណ៍និងយន្តការយ៉ាងច្រើន ដើម្បីបង្ការ ទប់ស្កាត់និងដោះស្រាយ បញ្ហានេះ ដោយមានក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាសេនាធិការ បានបន្តជំរុញយុទ្ធនាការវាស់វែងដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេសជូនប្រជាពលរដ្ឋ ដែលមិនទាន់បានវាស់វែង ឬបានវាស់វែងហើយ តែមិនទាន់បានបណ្ណកម្មសិទ្ធិ ដោយបានពិនិត្យឡើងវិញនូវរាល់បញ្ហាប្រឈម ដើម្បីដោះស្រាយ និងចេញបណ្ណ កម្មសិទ្ធិ ផ្តល់សុវត្ថិភាពតាមផ្លូវច្បាប់ បង្កើនតម្លៃដីធ្លី និងបញ្ចប់វិវាទដីធ្លីជូនប្រជាពលរដ្ឋ។

បញ្ហាដីធ្លី គឺជាបញ្ហាធំមួយដែលបាននឹងកំពុងកើតមានឡើងទូទាំងប្រទេស។ យ៉ាងណាមិញក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ ក៏បាននឹងកំពុងជួបប្រទះផងដែរ ជាពិសេសពាក់ព័ន្ធនឹងការរំលោភកាន់កាប់ដី ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។

បញ្ហានេះចាំបាច់ត្រូវរកដំណោះស្រាយ និងមានវិធានការទប់ស្កាត់តាមមធ្យោបាយសមស្រប និងទាន់ ពេលវេលា មូលហេតុនៃវិវាទដីធ្លី គឺកើតឡើងដោយសារកត្តាជាច្រើន រួមមាន សេដ្ឋកិច្ច សង្គម សង្គតិភាពនៃលិខិតបទដ្ឋានគតិយុត្ត ភាពស្រពិចស្រពិលនៃដែនសមត្ថកិច្ច ដោះស្រាយរបស់ស្ថាប័នពាក់ព័ន្ធ ភាពមិនច្បាស់លាស់នៃឯកសារគ្រប់គ្រងកាន់កាប់ ដី និងព្រំដី ការយល់ច្រឡំអំពីគោលនយោបាយដីធ្លី កង្វះខាតចំណេះដឹងផ្នែកច្បាប់ របស់ប្រជាពលរដ្ឋពាក់ព័ន្ធដីធ្លីដោយចុះចាប់ និងទន្ទ្រានដីដែលជាទ្រព្យសម្បត្តិរបស់ រដ្ឋ និងឯកជន និងការអនុវត្តមានភាពខ្វះចន្លោះពីសំណាក់អាជ្ញាធរមូលដ្ឋានភូមិ ឃុំ/សង្កាត់ផងដែរ៕