(កែប)៖ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប នាព្រឹកថ្ងៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមជាអធិបតីភាព ក្នុងពិធីចំរើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា។
ពិធីនេះមានការចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរ គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ក្រុង ស្រុក ព្រះសង្ឃពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ៤៩៤អង្គ/នាក់។
នាឱកាសនេះ លោកបណ្ឌិត សោម ពិសិដ្ឋ បានអានសារលិខិតថ្វាយព្រះពរ ដែលមានអត្ថន័យថា យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ក្នុងពិធីក៏បាននិមន្តព្រះសង្ឍចំនួន ៩អង្គ សូត្រមន្តជ័យន្តោថ្វាយព្រះពរ ព្រមទាំង និមន្តព្រះសង្ឍចំនួន ៩០អង្គ និមន្តបិណ្យបាត ជាកិច្ចបញ្ចប់ពិធី៕