(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីកសិកម្មឃុំ ចំនួន ៥៩នាក់ នៅខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការចូលរួមពីអនុរដ្ឋលេខាធិការ ខាត់ សុធី ថ្នាក់ដឹកនាំ មន្ទីរកសិកម្មខេត្ត និងគ្រូឧទ្ទេសនៃអគ្គនាយកដ្ឋានកសិកម្មផងដែរ។
លោក ឡោ រស្មី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ។
លោកបានគូសបញ្ជាក់ថា ក្រសួងបានគិតគូររៀបចំវគ្គនេះឡើងគឺដើម្បី បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំឱ្យមានការយល់ដឹងជាមូលដ្ឋានអំពីបច្ចេកទេសក្នុងប្រើប្រាស់ជី និងថ្នាំកសិកម្ម ក៏ដូចជាបច្ចេកទេសដាំដុះដំណាស្រូវ ដោយផ្តោតលើការកាត់បន្ថយថ្លៃដើមផលិត ដើម្បីយកចំណេះដឹងទាំងនេះទៅចែករំលែកជាមួយប្រជាកសិករក្នុងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនបង្កបង្កើនផលស្រូវសម្រាប់ជាមុខរបរ។
ដោយឡែកលោក ខាត់ សុធី បានលើកឡើងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ជាពិសេសតួនាទីភារកិច្ចរបស់មន្ត្រីកសិកម្មឃុំក្នុងការចូលរួមដោះស្រាយបញ្ហានានារបស់កសិករ ក្នុងគោលដៅជួយរក្សាលំនឹងថ្លៃកសិផល និងកាត់បន្ថយថ្លៃដើមផលិតរបស់កសិករ និងបានសំណូមពរឱ្យមន្ត្រីកសិកម្មឃុំទាំងអស់បន្តខិតខំអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត។
ជាចុងបញ្ចប់លោក ឡោ រស្មី បានផ្តល់អនុសាសន៍ដល់មន្ត្រីកសិកម្មឃុំទាំងអស់ នៅពេលចុះជួយប្រជាកសិករ សូមជួយពន្យល់កសិករអំពីរបៀបគណនាថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ដើម្បីពួកគាត់ដឹងច្បាស់ថា អ្វីជាថ្លៃដើមពិតប្រាកដ ហើយការចំណាយអ្វីដែលមិនត្រូវរាប់បញ្ចូលក្នុងថ្លៃដើមផលិត និងត្រូវយកចិត្តទុកដាក់លើខ្លឹមសារមេរៀនរបស់គ្រូឧទេ្ទសទាំងអស់ ដើម្បីជាប្រយោជន៍ដល់ការអនុវត្តការងារនៅតាមឃុំគោលដៅរៀងៗខ្លួន៕