(ភ្នំពេញ)៖ ស្របពេលនៃការចូលរួមពិធីប្រគល់ស្បៀង និងសម្ភារៈក៏ដូចជាថវិកា ជូនដល់កងកម្លាំងកងទ័ពជួរមុខ ដែលកំពុងតែឈរជើង ក្នុងបុព្វហេតុ និងបេសកកម្មការពារ បូរណភាពទឹកដីនៅប្រាសាទព្រះវិហារ ស្ថិតក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងតែទទួលរងការគំរាមកំហែង ពីសំណាក់ការឈ្លានពានរបស់កងទ័ពសៀម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី ក៏បានឆ្លៀតចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្ម និងសកម្មភាពរបស់ក្រុមហ៊ុនកែច្នៃក្នុងស្រុក នៅខេត្តចំនួន៥ ជាប់បឹងទន្លេសាបផងដែរ។

បន្ទាប់មក លោកបណ្ឌិត កៅ ថាច បានបន្តដំណើរ អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យមើលខ្សែសង្វាក់ផលិតកម្មរបស់ គឺ ទី១ ចាប់ផ្តើមនៅរោងម៉ាស៊ីនកិនស្រូវចំនួន ០២ ទីតាំង ដែលមានទីតាំង ស្ថិតក្នុងខេត្តកំពង់ចាម រួមមានរោងម៉ាស៊ីនកិនស្រូវ យូឃីម ស្ថិតនៅក្នុងស្រុកបាធាយ និងរោងម៉ាស៊ីនកិនស្រូវ សេកមាស ស្ថិតក្នុងស្រុកជើងព្រៃ។

ជាមួយគ្នានោះ លោកបណ្ឌិតប្រតិភូ ក៏បានចុះពិនិត្យទីតាំងដាំបន្លែលក្ខណៈគ្រួសារ ២ កន្លែងទៀត ដែលស្ថិតនៅក្រោមគម្រោងកម្ចីឥណទានខ្នាតតូចរបស់ធនាគារ ARDB ដែលស្ថិតនៅឃុំត្រពាំងឫស្សី ខេត្តកំពង់ធំ។

នៅថ្ងៃបន្ទាប់មក លោកបណ្ឌិត កៅ ថាច ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យទីតាំងផលិតជីកសិកម្មរបស់ក្រុមហ៊ុន Husk Ventured ដែលមានទីតាំងស្ថិតនៅ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកខ្សែចង្វាក់ផលិតកម្មជី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បន្ថែមទៀត។

ទន្ទឹមនោះ លោកបណ្ឌិត កៅ ថាច ក៏បានឆ្លៀតឱកាសចុះពិនិត្យសកម្មភាពប្រមូលទិញ និងស្តុកពោត និងដំឡូងមី នៅតាមទីលានប្រមូលទិញ ឃ្លាំងស្កុក និងឡសម្ងួតពោត និងដំឡូងមី មួយចំនួននៅក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិនផងដែរ។

ធនាគារ (ARDB) ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលបាននិងកំពុងបំពេញបេសកកម្ម ក្នុងការផ្តល់ជូនហិរញ្ញប្បទានដល់គ្រប់តួអង្គ ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ នឹងកំពុងឆ្ពោះទៅរកទស្សនវិស័យប្រែក្លាយជាធនាគារមានចីរភាព (Sustainable bank) ដូច ដែលមានចែងក្នុងផែនទីចង្អុលផ្លូវ១០ឆ្នាំរបស់ធនាគារ៕