(ព្រះវិហារ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមករកទីសុវត្ថិភាពបណ្ដោះអាសន្ន ស្ថិតក្នុងមណ្ឌលវត្តពោធិ៍៥,០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ប្រតិភូអញ្ជើញរួមដំណើរក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ រួមមាន ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, លោកបណ្ឌិត គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោក លោកស្រីជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង ២៥រាជធានី-ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។
តាមរយៈរបាយការណ៍របស់ លោកបណ្ឌិត គីម រិទ្ធី បានបញ្ជាក់ថា គិតមកដល់ត្រឹមរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ប្រជាពលរដ្ឋដែលបានមកស្នាក់នៅបណ្ដោះអាសន្ននៅតំបន់សុវត្ថិភាពនេះ មានចំនួន ៧១៦គ្រួសារ ស្មើនឹង ប្រជាជនប្រមាណ ២,០០០នាក់។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងទីតាំងនេះ។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនណាម្នាក់ចោលឱ្យលំបាកឡើយ។
លោករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសាមគ្គីភាព ចេះយោគយល់គ្នា យល់ទុក្ខធុរៈគ្នា និងចេះយកអសារគ្នាទៅវិញទៅមក ជាពិសេសត្រូវរក្សាសុខភាពឱ្យល្អ ដោយការប្រតិបត្តិអនាម័យ និងថែរក្សាបរិស្ថានឱ្យស្អាត ដើម្បីចៀសវាងពីឆ្លងមេរោគផ្សេងៗ។
សូមបញ្ជាក់ជូនផងដែរថា គ្រឿងឧបភោគបរិភោគ ដែល លោក ឆាយ ឫទ្ធិសែន នាំយកទៅចែកជូននាឱកាសនេះ មានចំនួនសរុប ៤៥០កញ្ចប់ ក្នុងនោះគ្រឿងឧបភោគបរិភោគ ១កញ្ចប់ មាន អង្ករ ២០គ.ក, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ និងក្រមា១ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕