(ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។
សូមបញ្ជាក់ថា កម្ពុជា បានសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិលើវិវាទព្រំដែនជាមួយប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចឱ្យកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទោះបីព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ខុសពីគ្នា៦៣ឆ្នាំ ក៏ពិតមែន ប៉ុន្តែស្មារតី និងគោលបំណងដូចគ្នា។ ដូចគ្នានោះ គឺ កម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ននេះ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា «កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា»។
សម្តេចមហាបវរធិបតី បានអំពាវនាវដល់ជនរួមជាតិ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
កម្ពុជា ធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ ជោគជ័យលើកទី១ នៅឆ្នាំ១៩៦២ ហើយលើកទី២ នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ។
ជាមួយការប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនាពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី បានបង្កើតគណៈកម្មការពិេសសមួយ ដើម្បីតតាំងក្តី។
គណៈកម្មការពិសេសនេះ មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន អមដោយអនុប្រធានចំនួន៥រូបរួមមាន៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីប្រធាន និងអនុប្រធានដែលសុទ្ធសឹងជាមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលហើយនោះ គណៈកម្មការនេះ មានសមាជិកចំនួន៩រូបផ្សេងទៀត រួមមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។
គណៈកម្មការនេះ មានភារកិច្ចពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់, ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ សម្រាប់បញ្ចូនទៅតុលាការយុត្តិធម៌អន្តរជាតិ, ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់, ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ, ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹងរហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ,រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល និង អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕