(ព្រះវិហារ)៖ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បានអញ្ជើញអមដំណើរលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាតំណាងសម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បាននាំយកនូវថវិកា និងសម្ភារៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាំយកថវិកា និងសម្ភារៈឧបត្ថម្ភគាំទ្រកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥ ទិសព្រះវិហារ ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
អំណោយរបស់យុវជនគណបក្សគ្រប់ថ្នាក់ និងពីសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់កងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់កម្លាំងជួរមុខចំនួន៩អង្គភាព រួមមាន បញ្ជាការដ្ឋានសមរភូមិមុខ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងទ័ពជើងគោក កងពលធំលេខ៣ កងពលតូចលេខ៧ កងពលតូចលេខ៨ កងពលតូចលេខ៩ នគរបាលការពារព្រំដែន និងតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ សរុបទាំងថវិកា ស្បៀង និងសម្ភារៈ គិតជាទឹកប្រាក់សរុបប្រមាណជាង ៣៦ម៉ឺនដុល្លារអាម៉េរិក។
ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស ពីលោកនាយឧត្តមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន លោកអភិបាលខេត្តព្រះវិហារ លោក លោកស្រី ជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល យុវជនគណបក្សថ្នាក់គ្រប់ថ្នាក់ ព្រមទាំងសប្បុរសជនជាច្រើនរូបទៀត៕