(ហាណូយ)៖ គណៈប្រតិភូនៃសាកលវិទ្យាល័យជាតិបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរងតំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការីរួមមានលោក យឹង ហាក់ ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ លោក ហួ រី ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងលោកខឿយ ស៊ីនឿន គ្រូបង្រៀន បានចូលរួមកិច្ចប្រជុំគម្រោង សិក្ខាសាលាអន្តរជាតិ និងការផ្សព្វផ្សាយគម្រោងសហគមន៍អឺរ៉ុបដែលមានឈ្មោះថា «ការអភិវឌ្ឍការអប់រំនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ឱកាសការងារសម្រាប់និស្សិត» ជាភាសាអង់គ្លេស “Developing Education in Vietnam and Cambodia Enhancing Employability for Students (DEVICES)” ដែលបានប្រពឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ព្រឹត្តការណ៍នេះមានអ្នកចូលរួមជាសមាជិក សមាជិកាដៃគូគម្រោង និស្សិត និងសាធារណៈជនចំនួនប្រមាណជាង ១០០ នាក់។
គម្រោងដែលមានរយៈពេលបីឆ្នាំនេះ (២០២៤-២០២៧) មានគោលបំណងជំរុញការផ្លាស់ប្តូរការអភិវឌ្ឍវិជ្ជាជីវៈតាមបែបប្រពៃណី ទៅជាការអភិវឌ្ឍវិជ្ជាជីវៈតាមបែបទំនើប តាមរយៈការរៀនសូត្រពេញមួយជីវិត និងពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្សរបស់គ្រឹះស្ថានឧត្តមសិក្សានៃប្រទេសកម្ពុជា និងប្រទេសវៀតណាមទាក់ទងនឹង៖
១៖ កែលម្អគុណភាពអប់រំឧត្តមសិក្សា និងលើកកម្ពស់ឱកាសការងាររបស់និស្សិត
២៖ ជំរុញកិច្ចសហប្រតិបត្តិការ ការកសាងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សា និងការផ្លាស់ប្តូរនវានុវត្តន៍
៣៖ ជំរុញការធ្វើអន្តរភាវូបនីយកម្មនៃគ្រឹះស្ថានឧត្តមសិក្សា នៅប្រទេសកម្ពុជា និងវៀតណាម
៤៖ បង្កើនកម្រិតសមត្ថភាព និងសក្តានុពលការងាររបស់និស្សិត ក្នុងគ្រឹះស្ថានឧត្តមសិក្សា ដោយការអភិវឌ្ឍន៍និងភាពច្នៃប្រឌិតកម្មវិធីអប់រំ និងផ្តល់ឧបករណ៍ឌីជីថល
៥៖ បង្កើនគំនិតផ្តួចផ្តើម និងសហគ្រិនភាពរបស់និស្សិត (ជំនាញគ្រប់គ្រងអាជីព និងការណែនាំគំនិតពេញមួយជីវិត)
៦៖ គាំទ្រដល់កំណើនវិជ្ជាជីវៈរបស់និស្សិត ក៏ដូចជាបុគ្គលិកអប់រំ និងធានាដំណើរការរៀនសូត្រពេញមួយជីវិត
សូមបញ្ជាក់ថា គម្រោងនេះជាផ្នែកមួយនៃគម្រោងសហប្រតិបត្តិការ ដើម្បីនវានុវត្តន៍ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍ នៃការកសាងសមត្ថភាព នៅក្នុងវិស័យឧត្តមសិក្សា ដោយបានទទួលការការគាំទ្រហិរញ្ញវត្ថុពីសហគមន៍អ៊ឺរ៉ុប ដែលមានដៃគូចំនួន៥ប្រទេស៖ ប្រទេសកម្ពុជា វៀតណាម អ៊ីតាលី អេស្ប៉ាញ និងប្រទេសប៉ូឡូញ ព្រមទាំងមានសាកលវិទ្យាល័យចំនួន៩ ដែលក្នុងនោះប្រទេសកម្ពុជារួមមាន៖ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ៕