(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលប្រកបដោយភាពកក់ក្ដៅ និងស្នាមញញឹមដ៏រីករាយជាមួយសិល្បករ សិល្បការិនី តំណាងស្ថាប័នសារព័ត៌មាននានា និងបុគ្គលមានប្រជាប្រិយភាពប្រមាណ៦០រូប ដែលបានចូលរួមសកម្មក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណៈជន ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថានិកមូលនិធិ ដើម្បីជួយកម្ពុជា។

ការសំណេះសំណាលជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាមបណ្តាញសង្គម និងក្រុមសិល្បករ សិល្បការិនី លោកជំទាវបណ្ឌិតបានសម្ដែងនូវសេចក្ដីរីករាយជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយកៀរគរដល់សប្បុរសជនបន្ថែមទៀត ដើម្បីជួយជីវិតកុមារកម្ពុជា តាមរយៈការបរិច្ចាគថវិកាដល់មូលនិធិគន្ធបុប្ផាកម្ពុជា។

លើសពីនោះលោកជំទាវបណ្ឌិត ក៏បាននាំយកនូវការសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្ដិយសនៃមូលនិធិគន្ធបុប្ផាកុមារកម្ពុជា ជូនចំពោះសិល្បករ សិល្បការិនី ក្រុមបង្កើតមាតិកាសង្គម និងតំណាងស្ថាប័នផ្សព្វផ្សាយនានា ជាពិសេសការកោតសរសើរចំពោះទឹកចិត្ដចូលរួមដ៏មានតម្លៃមិនអាចកាត់ថ្លៃ និងជាកម្លាំងសាមគ្គីរួមគ្នាមួយ ដើម្បីជួយដល់កុមារកម្ពុជាយើង។

ក្នុងឱកាសនោះដែរលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគូសរម្លឹកថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយ ចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។

ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាឱ្យបានជោគជ័យមន្ទីរពេទ្យគន្ធបុប្ផា មានតម្រូវការថវិកាយ៉ាងហោចណាស់ ៤៣លានក្នុងមួយឆ្នាំ។ ដោយយល់ច្បាស់ពីបន្ទុកដ៏ធ្ងន់ធ្ងរនេះ ទើបនៅឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលនូវចលនាសប្បុរសធម៌ ក្នុងសង្គមខ្មែររបស់យើង គឺខ្មែរជួយខ្មែរ និងចូលរួមចំណែកថែរក្សាបាននូវកេរ្ដិ៍ដំណែលរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ដែលបន្សល់ទុកឱ្យកម្ពុជាយើង។

លោកជំទាវបណ្ឌិតបានថ្លែងទៀតថា «ដូច្នេះបើសិនជាមិនមានគាំទ្រពីរាជរដ្ឋាភិបាល ក៏ដូចជាសប្បុរសជន និងប្រជាជនយើងទេ ប្រាកដណាស់ថាមន្ទីរពេទ្យគន្ធបុប្ផា មិនអាចដំណើរការបាននោះទេ ព្រោះថារាល់ការព្យាបាលដល់កុមារកម្ពុជា មកពីគ្រប់រាជធានី-ខេត្ដ គឺដោយឥតគិតថ្លៃទាំងអស់ ខណៈដែលមន្ទីរពេទ្យមួយនេះចំណាយក្នុងមួយថ្ងៃប្រមាណ ១២ម៉ឺនដុល្លារ និងក្នុងមួយឆ្នាំជាង ៤៣លានដុល្លារ»

ជាមួយគ្នានេះដែរតំណាងឱ្យសិល្បករ សិល្បការិនី ក្រុមបង្កើតមាតិកាសង្គម និងតំណាងស្ថាប័នផ្សព្វផ្សាយនៅបណ្ដាញសង្គមនានា ដែលសុទ្ធតែជាបុគ្គលមានប្រជាប្រិយភាព បានសម្ដែងនូវការសប្បាយរីករាយ និងទឹកចិត្ដរំភើបយ៉ាងខ្លាំង ចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាពិសេសភាពជាអ្នកដឹកនាំរបស់លោកជំទាវបណ្ឌិត ដែលបានធ្វើឱ្យសកម្មភាពមនុស្សធម៌ និងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»នេះ ទទួលបានការគំាទ្រ និងបើកឱកាសឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន ចូលរួមយ៉ាងទូលំទូលាយ។

ក្នុងឱកាសនោះសិល្បករ សិល្បការិនី ក្រុមបង្កើតមាតិកាសង្គម និងតំណាងស្ថាប័នផ្សព្វផ្សាយនៅបណ្ដាញសង្គមនានា បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំ ក្នុងការចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះជារៀងរហូត ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផានេះមានវត្ដមានបន្ដជួយកុមារកម្ពុជាជានិរន្ដ៕