(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចាត់តាំងអនុវត្ត ផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ កម្មពិធីព្យុះហយាត្រាសាមគ្គីភាព «Solidarity March» ដើម្បីបង្ហាញពីស្មារតី សាមគ្គីភាពរបស់មហាជន ដែលចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យមានការដឹកនាំបញ្ជាកម្លាំងឲ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ ដោយធានាសុខសុវត្ថិភាព និងថែរក្សាទ្រព្យសម្បត្តិជូនអ្នកអញ្ជើញចូលរួមឲ្យបានល្អបំផុត។

ក្នុងនោះ ត្រូវយកចិត្តទុកដាក់លើការងារដោះស្រាយសណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍កុំឲ្យមានការកកស្ទះ នៅគ្រប់គោលដៅ ការប្រើប្រាស់វិធានការជំនាញ ទាំងសន្តិសុខ និងព្រហ្មទណ្ឌ លើការងារបង្ការ ទប់ស្កាត់បទល្មើស លួច ឆក់ ក្តាប់សភាពការណ៍ទូទៅឲ្យបានច្បាស់លាស់ ដើម្បីដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលា និងចាត់តាំងកម្លាំងអនុវត្តការងារ ល្បាតត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាពសង្ស័យណាមួយ ដើម្បីបង្ការ ទប់ស្កាត់ និងចាត់វិធានការឲ្យមានប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងទៀតថា ការរៀបចំកម្មពិធីព្យុះហយាត្រាសាមគ្គីភាព «Solidarity March» គឺមានអត្ថន័យជ្រាលជ្រៅបំផុត ដើម្បីបង្ហាញពីបេះដូងប្រជាពលរដ្ឋខ្មែរទូទៅ ក្នុងការរួបរួមសាមគ្គី និងឯកភាពជាតិតែមួយ ដើម្បីគាំទ្រ និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី។

សូមបញ្ជាក់ថា កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន ជំនួយការ និងក្រុមជំនួយការស្នងការ លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤៕