(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា»។ មហាសន្និបាតវិសាមញ្ញការឹទ្ធិជាតិកម្ពុជា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។

យោងតាមរបាយការណ៍សន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ បានបង្ហាញថា សមាជិកកាយរឹទ្ធិជាតិកម្ពុជាមានកំណើនឡើងចំនួន ១៨៥,៣៥៦នាក់ ស្រី៩១,០៣៨នាក់ ស្មើ៤៩.១១ភាគរយ សម្រេចបានតាមចំណុចដៅ នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងកាយរឹទិ្ធជាតិកម្ពុជា។

តាមរយៈកំណើនសមាជិកភាពនេះ កាយរឹទិ្ធជាតិកម្ពុជា បានដើរតួនាទីយ៉ាងសកម្មនៅវិស័យអប់រំកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកុមារនិងយុវជនលើវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។

កាយរឹទិ្ធជាតិកម្ពុជា បានគាំទ្រយ៉ាងសកម្មដល់ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (គ.អ.ច.ក.) ឆ្នាំ២០១៦-២០៣០ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិ ស្តីពីការសិក្សាពេញមួយជីវិត គោលនយោបាយអប់រំបរិយាបន្ន និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ។

បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតដើម្បីគាំទ្រដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ស្តីពីការលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ការបញ្ចូលកម្មវិធីអប់រំកាយរឹទិ្ធកម្ម ទៅក្នុងសកម្មភាពក្រៅម៉ោងសិក្សាបន្ថែម ពិតជាបានជួយពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។

ជាទិសដៅ កាយរឹទិ្ធជាតិកម្ពុជា បន្តអភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងប្រព័ន្ធកងល្បាតកាយរឹទិ្ធនៅតាមគ្រឹះស្ថាសិក្សា ដើម្បីគាំទ្រសកម្មភាពអាទិភាព និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញលើកទឹកចិត្តដល់យុវជនកម្ពុជា ឲ្យចូលរួមយ៉ាងផុលផុសក្នុងការអនុវត្តគម្រោងសកម្មភាពនៅតាមសហគមន៍នានា សម្រេចបានតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) អង្គការសហប្រជាជាតិ។

លើសពីនេះ កម្មវិធីអប់រំកាយរឹទិ្ធកម្ម បានផ្តល់ឱកាសដល់យុវជនកម្ពុជាចូលរួមក្នុងបុព្វហេតុមាតុភូមិ ដើម្បីកសាងកម្លាំងយុវជនប្រកបដោយចំណេះដឹង សីលធម៌ ភាពធន់ ភាពជាពលរដ្ឋសកល និងមានភក្តីភាពជានិច្ចជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ កាយរឹទិ្ធជាតិកម្ពុជា បានបើកទំព័រប្រវត្តិសាស្រ្តថ្មីបន្ថែមទៀត ដោយទទួលបានកិតិ្តយសដ៏មហាឧត្តងឧត្តមរបស់សម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញចូលរួមពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា ព្រមទាំងវត្តមានរបស់លោក លោកស្រីថ្នាក់ដឹកនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្ត ក.ជ.ក. ថ្នាក់ជាតិ រាជធានីខេត្ត ក្រុងស្រុកខណ្ឌ ក្មួយៗកាយរឹទ្ធិប្អូន កាយរឹទិ្ធជំទង់ និងកាយរឹទិ្ធរៀមច្បង ចំនួន១២០០នាក់។

មហាសន្និបាតវិសាមញ្ញ បានប្រព្រឹត្តិទៅអស់រយៈពេលពេញ១ថ្ងៃ ដោយទទួលបានលទ្ធផលជាផ្លែផ្កា ដូចតទៅ៖

* ១៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មធម្មនុញ្ញកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៣ ព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា និងបានបន្ថែមមាត្រា១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងមាត្រា១៧ (ថ្មី) គរុគណ។

* ២៖ អង្គមហាសន្និបាតបានអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃ ក្នុងកាយរឹទិ្ធជាតិកម្ពុជា ជំពូកទី៤ អំពីព្រឹទ្ធាចារ្យគរុគណ និងគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា ប្រការ១៦ (ថ្មី) ព្រឹទ្ធាចារ្យគរុគណ និងប្រការ១៧ (ថ្មី) គរុគណ។

* ៣៖ អង្គមហាសន្និបាតវិសាមញ្ញ បានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាព្រឹទ្ធាចារ្យគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា។

* ៤៖ អង្គមហាសន្និបាតវិសាមញ្ញបានអនុម័តជាឯកច្ឆ័ន្ទគោរពអញ្ជើញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាគរុគណ នៃកាយរឹទិ្ធជាតិកម្ពុជា៕