(បន្ទាយមានជ័យ)៖ ក្រុមយោធាថៃ បានដាក់ចេញវិធានការពង្រឹងបន្ថែមទៅលើពលរដ្ឋរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យចូលមកបម្រើការងារប្រចាំថ្ងៃ នៅកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតនោះឡើយ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា យោធាថៃបានរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួន ចំពោះអ្នកមានហាងលក់ដូរ និងមានលិខិតបញ្ជាក់ច្បាស់លាស់នៅកម្ពុជាគេឲ្យចូល (ព្រឹកនេះថៃចូលបានចំនួន៣៩នាក់) ប៉ុន្តែចំពោះអ្នកចូលមកធ្វើការគេហាមឃាត់មិនឲ្យចូលនោះទេ។

យោងតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មេយោធាថៃ បានត្រួត​ពិនិត្យ​ព្រំដែន​កម្រិត​ខ្ពស់​ ចំពោះនៅ​ខេត្ត​ស្រះកែវ ដូចជា ហាម​ជនជាតិ​ថៃ​គ្រប់​ប្រភេទ ​ដែល​ជា​បុគ្គលិក​បើក​ល្បែងស៊ីសង កាស៊ីណូ ឬ​កន្លែង​កម្សាន្ត​ក្នុង​ក្រុង​ប៉ោយប៉ែត មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​តាម​ច្រក​ព្រំដែន​ក្នុង​ខេត្ត​ស្រះកែវ៕