(សៀមរាប)៖ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានជំរុញដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋាន និងបញ្ហានានា ត្រូវឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលាជូនពួកគាត់ ជាពិសេស សម្រាប់អតីតយុទ្ធជនអត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម។

ការជំរុញយ៉ាងដូច្នេះរបស់លោក នាក់ ណេរ៉ុន នៅក្នុងកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនិងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានលារចូលរួមពីមន្ទីរ អង្គភាពជុំវិញជាច្រើនចូលរួមផងដែរ។

លោកបានបន្តថា ត្រូវបន្តធ្វើអំពើល្អ ខិតខំសហការ ដើម្បីឲ្យបងប្អូនអតីតយុទ្ធជន ទទួលបាននូវសេវាសាធារណៈផ្សេងៗ។ ជាពិសេស ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារដែលជួបការលំបាកពិតប្រាកដ និងត្រូវរៀបចំបញ្ជីឈ្មោះឲ្យបានត្រឹមត្រូវ ដើម្បីបញ្ជូនមក គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ហើយបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុប និងស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ពួកគាត់ផងដែរ។

លោក នាក់ ណេរ៉ុន បានកោតសរសើរ ចំពោះក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ច ដែលបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ ដើម្បីជួយដោះស្រាយនូវការលំបាករបស់បងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាក និងខ្វះខាតបានទាន់ពេលវេលា។

លោកក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូនអតីតយុទ្ធជន ចូលជាសមាជិកសមាគមឱ្យបានគ្រប់ៗគ្នា និងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជា៖ ការបង្កើតមុខរបរ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្ននេះ សមាគមមានសមាជិកចំនួន ៦ ៦៦៣នាក់ ក្នុងនោះដែរ មាននិវត្តជន ២ ៦៨០នាក់, ពិការ ១ ៩៦៩នាក់, ជនបាត់បង់ ១៤០នាក់, គ្រួសារពលី ១ ៦៨២នាក់ និងគ្រួសារជនមរណៈចំនួន ១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគមមានចំនួន ៤០២នាក់។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ សមាគមសាងសង់ផ្ទះជូនសមាជិកបានចំនួន ៩០ខ្នង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ចំពោះសមាជិក ដែលគ្មានដី និងផ្ទះ រស់នៅលើដីសាធារណៈមានចំនួន ២៨៨គ្រួសារ ដែលបានដាក់ពាក្យស្នើសុំរួចរាល់ និងសមាជិកមានដីតែមិនទាន់មានផ្ទះចំនួន ៤១គ្រួសារផងដែរ៕