(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា «ផ្លូវថ្មើរជើងចតុមុខ» នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ពិធីនេះនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រីនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ដើម្បីឱ្យពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ និងប្រសិទ្ធនាមផ្លូវថ្មើរជើងចតុមុខខាងលើប្រព្រឹត្តទៅ ដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការរៀបចំសម្រួលចរាចរណ៍ជាបណ្តោះអាសន្ននៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី និងតាមបណ្តោយតីរវិថី ព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែល ត្រូវធ្វើដំណើរឆ្លងកាត់តំបន់ជុំវិញទីតាំងខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងដើរលេងកម្សាន្ត នៅផ្លូវថ្មើរជើងតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ អាចធ្វើដំណើរដើរកម្សាន្តបានជាធម្មតា។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់៕