(កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៥ភូមិ ២ឃុំ និងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនៅបរិវេណវត្តព្រៃបន្ទាំ​ ភូមិព្រៃបន្ទាំ​ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស​ ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ពិធីនេះមានការចូលរួមពីសំណាក់លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងប្រតិភូអមដំណើរ ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងថា នាពេលអនាគត ប្រជាពលរដ្ឋដែលបានបណ្ណកម្មសិទ្ធិដីធ្លីរួចរាល់ គឺអាចធ្វើការប្រគល់ជូនដល់ប្រពន្ធ ឬកូនដោយប្រើប្រាស់ទូរស័ព្ទ ដោយមិនចាំបាច់ទៅកាន់ ច្រកចេញចូលតែមួយនោះទេ ហើយអ្វីៗដែលពលរដ្ឋចង់បាន គឺស្ថិតនៅលើបាតដៃពលរដ្ឋទាំងអស់។

ឧបនាយករដ្ឋមន្រ្តីបានបន្តថា ការរៀបចំធ្វើឡើងដូចនេះ គឺដើម្បីឱ្យការផ្តល់សេវារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួលជាមុន ព្រោះទិន្នន័យក្បាលដី ដែលចែក ជូនទាំងអស់ គឺស្ថិតប្រព័ន្ធបច្ចេកវិជ្ជាទំនើប ដែលអាចប្រើប្រាស់ក្នុងទូរស័ព្ទដៃបាន ហើយថ្ងៃក្រោយក៏នឹងផ្តល់ភាពងាយស្រួលក្នុងការទិញ លក់អចលនវត្ថុ ផ្ទះសំបែង ដីធ្លី ឬផ្ទេរកម្មសិទ្ធិ ទៅនរណាម្នាក់បានដោយងាយស្រួលបំផុត និយាយជារួមគឺការងារពាក់ព័ន្ធនឹងដីធ្លី គឺស្ថិតលើបាតដៃ។

ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ដែរថា ការដែលយើងមានថ្ងៃនេះ ហើយបងប្អូនប្រជាពលរដ្ឋ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ដូចនេះ គឺកើតឡើងដោយសារប្រទេសជាតិមានសុខសន្តិភាព ការគិតគូរយ៉ាង យកចិត្តទុកដាក់បំផុត ពីសំណាក់ថ្នាក់ដឹកនាំប្រទេស ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលលោកតែងតែដាក់ចុះ នូវយន្តការជាច្រើន ដើម្បីពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿនបំផុត ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លី។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរមូលដ្ឋាន ពិសេសមន្ត្រីជំនាញដែនដី ដែលបានខិតខំរួមសហការគ្នាក្នុងការរៀបចំចេញបណ្ណកម្មសិទ្ធិបានលទ្ធផលល្អប្រសើ។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដី ខេត្តកំពត បានឱ្យដឹងថា ក្នុងថ្ងៃនេះ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុចំនួន ៥ភូមិ ដែលមានបណ្ណសរុបចំនួន ៨.៧៤៣បណ្ណ ស្មើនឹង ២.៩២១គ្រួសារ និងប្រកាសបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យ ចំនួន ៥ភូមិ ដែលមានក្បាលដីសរុបចំនួន ១០.០១៣ ក្បាលដី ស្មើនឹង ៦.៥៧១គ្រួសារ៕