(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា»។ មហាសន្និបាតវិសាមញ្ញការឹទ្ធិជាតិកម្ពុជា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅវិទ្យាស្ថានជាតិអប់រំ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា៖

* ក្នុងនាមរាជរដ្ឋាភិបាល និងជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និង ទទួលលទ្ធផលគួរជាទីមោទន:។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឧទ្ទិសសមិទ្ធផលដ៏ត្រចះត្រចង់របស់កាយរឹទ្ធជាតិកម្ពុជា ជូនសម្តេច
វិបុល បញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធិជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធា​ចារ្យទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយ​ចិត្ត និង បានធ្វើពលិកម្មគ្រប់​បែបយ៉ាង ដើម្បីអភិវឌ្ឍចលនាកាយរឹទ្ធិជាតិកម្ពុជា ដោយសម្រេចបាន​សមិទ្ធផល​គួរជាទីមោទនៈ ជាច្រើននាពេលកន្លងទៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាយរឹទ្ធិជាតិកម្ពុជា ត្រូវបានបង្កើតដំបូងក្នុងឆ្នាំ១៩៣៤ ដោយមានឈ្មោះថា «អង្គការខេមរកាយរឹទ្ធិកម្ពុជា» និងបាត់បង់ទៅវិញទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍​ប៉ុលពត។ ក្រោមការ​ផ្តួចផ្តើម និងការជំរុញពីសម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ចលនាកាយ​រឹទ្ធិ​ជាតិកម្ពុជាបានចាប់បដិសន្ធិឡើងវិញ បន្ទាប់ពីជំនួបពិភាក្សារវាងសម្ដេចតេជោ និង លោក គីម គូយ៉ុង អតីតនាយកការិយាល័យអង្គការពិភពលោក នៃចលនា​កាយ​រឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ បន្ទាប់ពីជំនួបពិភាក្សានេះ, រាជរដ្ឋាភិបាលបានដឹកនាំការងារបង្រួបបង្រួមចលនាកាយរឹទ្ធិជាតិកម្ពុជា និង បានរៀបចំមហាសន្និបាតលើកទី១ នៅខែ មេសា ឆ្នាំ២០០៦ និង បានដឹកនាំចលនានេះ ជាសមាជិកពេញសិទ្ធិរបស់អង្គការ​ពិភពលោកនៃចលនាកាយរឹទ្ធិនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨ ដែលបានធ្វើឱ្យ​កិត្តិ​សព្ទចលនាកាយរឹទ្ធិជាតិកម្ពុជា កាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតត្រឹមឆ្នាំ២០២៥ កាយរឹទ្ធិជាតិកម្ពុជា បានរៀបចំធ្វើមហាសន្និបាតរបស់ខ្លួនចំនួន៤លើក និងមហាសន្និ​បាត​វិសាមញ្ញ១លើក។ មហាសន្និបាតលើកទី១ នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០០៦, លើកទី ២ នៅថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ ២០១០, លើកទី៣ នៅថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០១៦, លើកទី៤ ថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ និងមហាសន្និបាតវិសាមញ្ញ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គិតមកដល់បច្ចុប្បន្ននេះ កាយរឹទ្ធិជាតិកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ មានជាអាទិ៍៖ ការកសាងបាន​នូវ​កំណើនសមាជិកភាពក្នុងស្រទាប់កុមារ និងយុវជន, ទាំងក្នុងគ្រឹះស្ថានសិក្សាសាធារណៈ, ឯកជន និងសហគមន៍គ្រប់មជ្ឈដ្ឋាន ដោយបានបង្កើន​សមាជិក​នៅ​ទូទាំងប្រទេសចំនួនជិត ១៩ម៉ឺននាក់ (១៨៥ ៣៥៦នាក់), ក្នុងនោះ សមាជិកជាស្ត្រីមានចំនួនជាង ៩ម៉ឺននាក់ (៩១ ០៣៨ នាក់)។ កំណើនសមាជិកភាពនេះ ពិតជាបញ្ជាក់បានថា កាយរឹទ្ធិជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មមួយ ដែលមានគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង កម្មវិធីច្បាស់លាស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ យុវជន និងសង្គមជាតិ, ជាពិសេសកម្មវិធីអប់រំកាយរឹទ្ធិកម្ម បានធ្វើឱ្យកុមារ និងយុវជនកម្ពុជាជាច្រើនអភិវឌ្ឍខាងផ្លូវកាយ, ផ្លូវបញ្ញា, ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ប្រកបដោយភាពជាពលរដ្ឋល្អ និងជាពលរដ្ឋសកល។

 * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រឹងប្រែងរបស់កម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាមានម្ចាស់ការដោយខ្លួន ដូចជាពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសម្ចាស់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងអីុនធើណែតនាក្នុងពេលមានវិវាទព្រំដែនជាមួយប្រទេសថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម្ចាស់ការរបស់កម្ពុជាលើការផ្គត់ផ្គង់អគ្គិសនី និងអីុនធើណេត នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជា មិនជម្នះធ្វើវារីអគ្គិសនី ហើយផ្តេកផ្តួលតាមការបន្ទច់បង្អាក់ពីក្រុមមនុស្ស ជ្រកក្រោមស្លាកបរិស្ថានដូចជា «អាឡិច» ជាដើមនោះ កម្ពុជា មិនអាចមានម្ចាស់ការលើការផ្គត់ផ្គង់ថាមពលអគ្គិសនីនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនលក់ដី លក់ប្រាសាទនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនលោតច្រើនទេ ហើយមិនប្រាកដថាលោត ដោះស្រាយបញ្ហាបាននោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋមានជំនឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃនាពេលនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃថា រាល់ការបង្ហាញសារលើហ្វេសប៊ុក មិនមែនជារឿងអត់ professional នោះទេ។ បច្ចុប្បន្នមេដឹកនាំលើពិភពលោកសុទ្ធតែផ្តល់សារទៅប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់សារតាមបណ្តាញសង្គម បានផ្តល់ព័ត៌មានលឿនដល់ប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិវាទព្រំដែនជាមួយថៃ កម្ពុជា បានអត់ធ្មត់ណាស់ ព្រោះមិនចង់មានរឿង។ ប៉ុន្តែមេទ័ពថៃ អ្នកនយោបាយថៃ និយាយជាប់ហូរហែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រទេសខ្លះមានជម្រកល្បែងអនឡាញដែរសោះ តែព្យាយាមលាក់បាំង ហើយចោទតែកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំឱ្យបន្តវែងឆ្ងាយទៀតលើរឿងព្រំដែន សូមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ត្រឹមពីរសប្តាហ៍ ក្រោយការសម្រេចចិត្ត កម្ពុជា បានដាក់បណ្តឹងដល់ ICJ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពាក្យប្តឹងទៅ ICJ ចំថ្ងៃទី១៥ ខែមិថុនា ជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាក្យប្តឹងរបស់កម្ពុជា បានដាក់ដល់ដៃរបស់តុលាការ ICJ ហើយ។ អ្នកមិនជឿ ទូរស័ព្ទទៅសួរ ICJ ទៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនយោបាយប្រឆាំងរបស់ខ្មែរ ពិតជាយ៉ាប់ណាស់ ពេលជាតិមានបញ្ហាជាមួយប្រទេសជិតខាងហើយ នៅឆ្លៀតកេងចំណេញផ្នែកនយោបាយទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកនយោបាយប្រឆាំងទុកឱ្យរាជរដ្ឋាភិបាលធ្វើការ ដើម្បីការពារបូរណភាពទឹកដី។ រាជរដ្ឋាភិបាល ចង់ដោះស្រាយបញ្ហា ដោយមិនបង្ហូរឈាមលើសមរភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកនយោបាយ និងប្រជាពលរដ្ឋខ្មែរ រួមសាមគ្គីគ្នាលើកទឹកចិត្តកងទ័ព កុំបញ្ចេញសារ កុំធ្វើសកម្មភាពបំបាក់ទឹកចិត្តកងទ័ព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរាល់ថ្ងៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពកម្ពុជា មានឯកសណ្ឋានគ្រប់គ្រាន់ ប៉ុន្តែទាហានដើរល្បាតគាត់ចូលចិត្តប្រើស្បែកជើងផ្ទាត់ងាយស្រួលជាង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសោកស្តាយចំពោះកងទ័ពជួបបញ្ហាផ្សេងៗរហូតពលីជីវិត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ បានរួបរួមគ្នាជាធ្លុងក្នុងការដោះស្រាយ បញ្ហាទឹកដីជាមួយប្រទេសជិតខាង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពកម្ពុជា ដែលបានចល័តទៅព្រំដែន មិនមែនយកទៅតាំងនោះទេ។ ប៉ុន្តែកម្ពុជា មិនបើកប្រតិបត្តិការឈ្លានពានប្រទេសណានោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនកម្ពុជា-ថៃ ប្រវែង ៨០០គីឡូម៉ែត្រ បានរកឃើញបង្គោលព្រំដែន ៧៣បង្គោល ហើយក្នុងនោះ ៤០បង្គោល បានព្រមព្រៀងគ្នារួចហើយ។ ព្រោះមានកន្លែងឯកភាពគ្នារួចនេះហើយ ទើបកម្ពុជា បន្តប្រើយន្តការទ្វេភាគី។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជា និងថៃ បានជជែកគ្នាតែលើព្រំដែនគោក ដោយឡែកព្រំដែនទឹកមិនទាន់មានការជជែកគ្នានៅឡើយទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលកម្ពុជា សម្រេចបញ្ជូនតំបន់ទាំង៤ (តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣) ទៅកាន់ ICJ ព្រោះការជជែកកម្រិតទ្វេភាគីទៅលែងរួចហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រទេសនានា គាំទ្រការជ្រើសយន្តការច្បាប់អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តីមេយោធាជើងគោកភូមិភាគ២របស់ថៃ ដែលប្រកាសឱ្យកម្ពុជា «វ៉ៃយកដី» ជាសម្តីបញ្ឆេះសង្គ្រាម។ កម្ពុជា មិនមែនជាអ្នកសង្គ្រាមនិយមនោះទេ ព្រោះកម្ពុជា ធ្លាប់ជួបសង្គ្រាម តែមិនឱ្យនរណាជាន់នោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនជាមួយថៃ មិនមែនជារឿងលេងសៀក លេងល្ខោននោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្តឹងទៅកាន់តុលាការអន្តរជាតិ ជាជម្រើសល្អបំផុត ក្នុងការរក្សាមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបិទព្រំដែន ជាទង្វើឯកតោភាគី អនុវត្តន៍ដោយថៃ។ ដូច្នេះបើក ក៏បើកដោយឯកតោភាគីទៅ កម្ពុជា នឹងអនុវត្តតាមក្រោយហើយ អត់មានអ្វីលំបាកនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា អត់មានបំណងទៅបង្កការលំបាកដល់ប្រជាពលរដ្ឋទាំងសងខាងនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើចង់ចរចាដល់រឿងកងទ័ព គឺសុំឱ្យយោធាថៃ ទៅបើកព្រំដែនឡើងវិញទៅ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គន្លឹះ ដើម្បីឱ្យសភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកស្ថានការណ៍ដើមវិញ គឺយោធាធ្វើឱ្យស្ថានភាពព្រំដែនត្រឡប់ទៅសភាពដើមវិញ។ ប៉ុន្តែបញ្ហាប្តឹងទៅ ICJ មិនដកថយទេ ព្រោះបានប្តឹងរួចហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គន្លឹះ ដើម្បីឱ្យសភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃ វិលទៅរកស្ថានការណ៍ដើមវិញ គឺយោធាធ្វើឱ្យស្ថានភាពព្រំដែនត្រឡប់ទៅសភាពដើមវិញ។ ប៉ុន្តែបញ្ហាប្តឹងទៅ ICJ មិនដកថយទេ ព្រោះបានប្តឹងរួចហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមរួចហើយ ក្នុងការទទួលពលករខ្មែរត្រឡប់មកវិញ ព្រោះចរន្តជាតិនិយមនៅក្នុងប្រទេសថៃ កំពុងកើនឡើងខ្លាំង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមាន​ភាព​ជ្រុលនិយម រើសអើងលើពលរដ្ឋថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ បង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទ្ធិ គ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាង​សមា​ជិកកាយរឹទ្ធិនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ ដែលជាបុគ្គលឆ្នើមសម្រាប់ ជាឧត្តម​ប្រយោជន៍ចំពោះសង្គមជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបង្កើនកិច្ច​សហ​ប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន អង្គការពិភពលោកនៃចលនាកាយ​រឹទ្ធិ និងគ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និងពិភពលោក, ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា, សហភាពសភាកាយរឹទ្ធិពិភពលោក, សមាគមកាយរឹទ្ធិអាស៊ាន សម្រាប់សហប្រតិបត្តិការក្នុងតំបន់ និង វិស័យឯកជន, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា និង ធ្វើការផ្លាស់ប្តូរកម្មវិធីអប់រំកាយរឹទ្ធិកម្ម (Exchange program), ការបណ្ដុះ​បណ្ដាលជំនាញកាយរឹទ្ធិកម្ម, និងអភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទ្ធិគ្រប់លំដាប់​ថ្នាក់​ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និង ពិភពលោក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រុមប្រឹក្សា និងគណៈកម្មាធិការ​ប្រតិបត្តិកាយរឹទ្ធិជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តរៀបចំ និងជួយពង្រឹងប្រសិទ្ធ​ភាព​ដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងាររបស់កាយរឹទ្ធិជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌឱ្យមានដំណើរការកាន់តែប្រសើរ, ជាពិសេសត្រូវរៀបចំ «គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទ្ធិរៀមច្បង» និងបង្កើតឱ្យបាននូវ «ក្រុមប្រឹក្សាកាយរឹទ្ធិរៀមច្បង» ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្ដុំ និងគ្រប់គ្រងកម្លាំងកាយរឹទ្ធិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទ្ធិ ត្រូវសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទ្ធិកម្មដល់ប្អូនៗនិសិ្សត សំដៅកសាងកម្លាំងកាយរឹទ្ធិរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញ​កាយរឹទ្ធិកម្ម ដល់មេដឹកនាំកាយរឹទ្ធិ នៅតាមគ្រឹះស្ថានសិក្សា ឱ្យក្លាយទៅជាធនធានកាយរឹទ្ធិដ៏មានសក្តានុពល ដើម្បីរៀបចំកម្មវិធីអប់រំកាយរឹទ្ធិកម្ម នៅតាមគ្រឹះស្ថានសិក្សារបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទ្ធិនៅគ្រប់លំដាប់​ថ្នាក់ ដើម្បីកៀរគរ​ធនធាន (មូលនិធិកាយរឹទ្ធិ) ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទ្ធិកម្ម និងសកម្មភាពរបស់កាយរឹទ្ធិជាតិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១៧៖១៥នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕