(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដែលប្រទេសកម្ពុជា សម្រេចដាក់ពាក្យប្តឹង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ រយៈពេល៦៣ឆ្នាំ។
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គឺជាខួបលើកទី៦៣ឆ្នាំដែលកម្ពុជាឈ្នះក្ដីលើភាគីថៃ ពាក់ព័ន្ធសំណុំរឿងប្រាសាទព្រះវិហារ ដែលអំណាចសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ បានកំណត់ឱ្យភាគីថៃ ត្រូវតែដកយោធា និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ខ្លួនចេញពីតំបន់មានជម្លោះនៅត្រង់ប្រាសាទព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហររបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ អត់មានការដកថយនោះទេ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ហេតុអ្វីបានជាយើងចាំថ្ងៃទី១៥ វាចៃដន្យចំថ្ងៃទី១៥ មិថុនា ១៩៦២ បើនិយាយត្រង់ទៅ ក៏វាជាការចៃដន្យ ប៉ុន្ដែអាចជាប្រផ្នូលល្អ សម្រាប់កម្ពុជា ដែលកម្ពុជាឈ្នះក្ដី ៦៣ឆ្នាំ»។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនបានត្រឹមតែនិយាយនោះទេ ក្នុងរយៈពេលត្រឹមតែពីរសប្ដាហ៍ប៉ុណ្ណោះ ក្រោយការសម្រេចចិត្ត កម្ពុជាបានដាក់បណ្តឹង ដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
សូមជម្រាបថា កម្ពុជាបានសម្រេចដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ លើវិវាទព្រំដែនជាមួយប្រទេសថៃ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ចំខួប៦៣ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ។
បណ្តឹងរបស់កម្ពុជា លើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ។
លិខិតផ្លូវការរបស់កម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែន នៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូន លោកក្រឡាបញ្ជី Philippe Gautier។
តាមរយៈ Page ផ្លូវការ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនដកថយទេ ពាក់ព័ន្ធការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបន្តកិច្ចការនេះ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនខ្មែរ។
សូមរំលឹកថា កម្ពុជាធ្លាប់បានលើកយកវិវាទទឹកដីជាមួយថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចំនួនពីរលើក ហើយទទួលបានជោគជ័យទាំងពីរលើកផងដែរ។ ជោគជ័យលើកទី១ នៅឆ្នាំ១៩៦២ ហើយលើកទី២ នៅឆ្នាំ២០១៣ ពេលថៃចូលមកឈ្លានពានប្រាសាទព្រះវិហារ និងទឹកដីនៅតំបន់នោះ៕