(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថាស្ថានភាពតាមបណ្ដោយព្រំដែនប្រែប្រួលមិនទាន់ចប់ ខណៈកងទ័ពថៃកាយលេណដ្ឋាន និងចល័តកាំភ្លើងធំរាល់ថ្ងៃ។
ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «មកដល់ម៉ោងនេះស្ថានភាពប្រែប្រួលមិនទាន់ចប់ទេ ការចោទប្រកាន់ ការលើកជំហរផ្សេងៗគឺនៅដដែល ការចល័តរៀបចំលេណដ្ឋាននានារប់សកងទ័ពថៃ គឺនៅតែបន្តរាល់ថ្ងៃ។ ម្សិលមិញគេចោទកងទ័ពខ្មែរថាបេរកាណុងទៅគេ ឯកឧត្តម ទៀ សីហា តបថាធម្មតាកាណុងមិនដែលបែរមកផ្ទះខ្លួនឯងទេ ហេឆ្ងាញ់ម៉ង ប៉ុន្តែមិនមែនមានន័យថាយើងបាញ់រំលោភអ្នកណាគេទេ ប៉ុន្តែកុំភ្លេចថាអ្នកដែលចោទយើងនោះ ចល័តទ័ពកាយលេណដ្ឋានថ្មី អូសកាំភ្លើងធំថ្មីរាល់ថ្ងៃ ទោះបីជា (កិច្ចប្រជុំ) JBC ចប់ក៏ដោយ»។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ និងកោតសសើរនូវទឹកចិត្តក្លាហានរបស់កងទ័ពជួរមុខ ដែលមានភាពអង់អាចក្លាហាន មានភាពសាមគ្គីឯកភាពជាតិ ដើម្បីបុព្វហេតុការពារទឹកដីពិតប្រាកដរបស់កម្ពុជានៅក្នុងពេលនេះ។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) មេយោធាជើងគោកភូមិភាគ២របស់ថៃ បានប្រកាសឱ្យកម្ពុជា «វ៉ៃយកដី» គឺជាសម្តីបញ្ឆេះសង្គ្រាម ខណៈដែលកម្ពុជា មិនមែនជាអ្នកសង្គ្រាមនិយមនោះទេ ព្រោះកម្ពុជាធ្លាប់ជួបសង្គ្រាម តែក៏មិនឱ្យនរណាបំពាននោះឡើយ៕