(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា និងថៃ បានជជែកគ្នាតែលើព្រំដែនគោក ដោយឡែកព្រំដែនទឹកមិនទាន់មានការជជែកគ្នានៅឡើយទេ ចំណែកកម្ពុជា គឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាសំណុំរឿងព្រំដែនគោកដែលជជែកគ្នាតាមរយៈយន្តការទ្វេភាគីអស់លទ្ធភាព តែមិនត្រូវគ្នា រហូតបណ្តាឱ្យផ្ទុះអាវុធបណ្តាឱ្យយោធិនកម្ពុជា ម្នាក់បានពលីជីវិត។
ការថ្លែងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ ប្រវែង ៨០០គីឡូម៉ែត្រ គណៈកម្មការចម្រុះព្រំដែនកម្ពុជា និងថៃ កន្លងទៅ បានរកឃើញបង្គោលព្រំដែន ៧៣បង្គោល ហើយក្នុងនោះ ៤៣បង្គោល បានព្រមព្រៀងគ្នារួចហើយ។ ព្រោះមានកន្លែងឯកភាពគ្នារួចនេះហើយ ទើបកម្ពុជា បន្តប្រើយន្តការទ្វេភាគី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រំដែនទឹក យើងមិនទាន់បានជជែកគ្នានោះទេ យើងបានជជែកតែព្រំដែនគោកទេ ព្រំដែនទឹកជាមួយថៃ យើងមិនទាន់បានជជែកគ្នានោះទេ វាមានអារឿង OCA អាហ្នឹងជារឿងបច្ចេកទេស រឿងសេដ្ឋកិច្ចទេ»។
ចំពោះការដោះស្រាយបញ្ហាព្រំដែន, ត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការជជែកគ្នារវាងប្រទេសជិតខាង គឺត្រូវឱ្យអស់ពីលទ្ធភាព តាមរយៈយន្តការទ្វេភាគី ប៉ុន្តែ ករណីប្រើប្រាស់យន្តការទ្វេភាគីមិនទទួលបានជោគជ័យ នោះនឹងត្រូវបញ្ជូនសំណុំរឿងកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិ។
ជាមួយគ្នានេះដែ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ គឺមិនមែនចេះតែប្តឹងទាំងអស់ចំពោះករណីមានបញ្ហានៅតាមបន្ទាត់ព្រំដែនប្រវែង ៨០០គីឡូម៉ែត្រនោះទេ ខណៈការបញ្ជូនសំណុំរឿងចំនួន៤ គឺតំបន់មុំ៣, ប្រាសាទតាមាន់ធំ, ប្រាសាទមាន់តូច និងប្រាសាទតាក្របី គឺដោយសារតែភាគីទាំងពីរ បានជជែកគ្នាអស់លទ្ធភាព តែដោះស្រាយមិនចេញ។ ដូច្នេះ គឺត្រូវការរកភាគីទី៣ ជាយន្តការផ្លូវច្បាប់ ដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវក្នុងនាមភាពជាម្ចាស់លើទឹកដីដែលមានជម្លោះរហូតបង្កឱ្យមានការផ្ទុះអាវុធរវាងកងទ័ពទាំងពីរ។
សម្តេចបវរធិវបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះបញ្ហាវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ លើប្រវែង ៨០០គីឡូម៉ែត្រនេះ គឺមិនមែនបញ្ចប់ត្រឹមតែតំបន់ចំនួន៤នេះនោះទេ ពោលប្រសិនបើមានទីតាំងណាដែលគណៈកម្មការចម្រុះព្រំដែនទាំងពីរ ដោះស្រាយមិនចេញតាមរយៈយន្តការទ្វេភាគី ច្បាស់ណាស់កម្ពុជា និងបញ្ចូនបណ្តឹងនេះបន្ថែមទៀត ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ទោះបីជាភាគីថៃ បានប្រកាសមិនទទួលើស្គាល់ការដោះស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក៏ដោយ តែកម្ពុជា បានបញ្ជាក់ជំហរយ៉ាងច្បាស់បន្តនីតិវិធីប្តឹង ដើម្បីរកដំណោះស្រាយឱ្យបានកាន់លឿនចំពោះទីតាំងដែលមានវិវាទ ក្នុងន័យបញ្ចប់ជម្លោះរវាងប្រទេសទាំងពីរ ដោយមិនឱ្យបញ្ហាទាំងនេះក្លាយជាជំងឺរ៉ារៃ សម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហរឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ដោះស្រាយ គឺដោយសារកម្ពុជាចង់ដោះស្រាយដោយសន្តិភាព និងប្រើច្បាប់អន្តរជាតិ ជៀសជាងការប្រើកម្លាំងបាយ។ ហើយកម្ពុជានាំយកបញ្ហាទៅតុលាការអន្តរជាតិ គឺដើម្បីរក្សាមិត្តភាព កិច្ចសហប្រតិការជាមួយប្រទេសជិតខាង។
គួរឱ្យដឹងថា នាថ្ងៃទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។
ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា៕