(ភ្នំពេញ)៖ ឆ្លើយតបទៅនាយករដ្ឋមន្ត្រីថៃ ដែលថានាយករដ្ឋមន្ត្រីកម្ពុជា តែងតែបញ្ចេញសារតាមបណ្តាញសង្គម Facebook ជាការធ្វើនយោបាយអត់ Professional, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា រាល់ការបង្ហាញសារលើហ្វេសប៊ុក មិនមែនជារឿងអត់ Professional នោះទេ ខណៈបច្ចុប្បន្នមេដឹកនាំនៅលើពិភពលោកសុទ្ធតែផ្តល់សារទៅប្រជាពលរដ្ឋតាមរយៈបណ្តាញសង្គម។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ «មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កន្លងទៅខ្ញុំបានបញ្ចេញសារតាម Facebook សម្តេចតេជោក៏បានបញ្ចេញ ពេលខ្លះក្រសួងការបរទេសក៏បានបញ្ចេញ ប៉ុន្តែការបញ្ចេញសារនេះ វាអត់ដូចនិយាយលើមេក្រូបកស្រាយបានច្បាស់នោះទេ[..] រឿងនេះដើម្បីឱ្យបងប្អូនបានច្បាស់ ហើយខ្ញុំជឿថា ភាគីម្ខាងទៀត ការសែតម្ចាងទៀត ក៏ចាំមើល ចាំយកដែរ, ម្សិលមិញខ្ញុំឃើញអ្នកនយោបាយថៃមួយចំនួនចោទអ្នកដឹកនាំកម្ពុជា ចោទសម្តេចតេជោ ចោទខ្ញុំ ថាធ្វើនយោបាយអត់ Professional គេថាធ្វើនយោបាយតាម Facebook»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចោទសួរវិញដែរថា អ្វីទៅជាកាធ្វើនយោបាយអត់ Professional? សូមមើលឱ្យបានច្បាស់ អ្នកនយោបាយ ថ្នាក់ដឹកនាំជាតិនីមួយៗ មានការតព្វកិច្ចត្រូវភ្ជាប់ទំនាក់ទំនងឆ្លើយឆ្លងជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសនៅពេលដែលមានស្ថានភាពលំបាក យើងមិនអាចសំងំសុខនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា មេដឹកនាំនយោបាយនីមួយៗ កាលពីជំនាន់ដើម គេឆ្លើយឆ្លងតាមកាសែតបោះពុម្ភ ឫតាមទូរទស្សន៍ វិទ្យុ ដោយឡែកសម័យបណ្តាញសង្គមនេះ គេប្រើ Facebook គេប្រើបណ្តាញសង្គម X គេប្រើ TikTok ដើម្បីបញ្ជូនសារនយោបាយទៅកាន់ប្រជាពលរដ្ឋ សូម្បីតែប្រធានាធិបតីអាមេរិក ក៏ប្រើបណ្តាញសង្គម X ហើយសូម្បីមេដឹកថៃ ក៏ប្រើ TikTok ប្រើ Facebook ដូចតែគ្នានោះទេ ដែលមធ្យោបាយនៃការបញ្ជាក់នេះគឺច្បាស់លាស់។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សារដែលបានដាក់ចេញតាម Facebook នេះគឺសំដៅទៅលើពលរដ្ឋ ពាក់ព័ន្ធទៅលើនយោបាយរបស់យើង ព្រោះកន្លងទៅមានអ្នកក្រៅក៏ក្រឡុក ហើយអ្នកនៅក្នុងសាច់ឯងដែលជាអ្នកនយោបាយនៅក្រៅប្រទេសក៏ក្រឡុក ឌឺមិនចេះចប់ ដូចនេះហើយ គឺទាមទារឱ្យមេដឹកនាំចេញសារបន្ទាន់ដើម្បីឱ្យមានភាពនឹងនរនៅក្នុងប្រទេស។
ជាមួយគ្នានោះពាក់ព័ន្ធនឹងបញ្ហាជម្លោះនៅព្រំដែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ពេលខ្លះការចេញសារទៅឱ្យប្រជាពលករនៅក្រៅប្រទេស ដែលមានបំណងចង់ត្រឡប់មកប្រទេសវិញ ពេលខ្លះដាក់បទបញ្ជារទៅមន្ត្រីគាត់ទទួលបាន ប៉ុន្តែប្រជាពលរដ្ឋពលករគាត់អត់ដឹងរឿងទេ តែបើដាក់លើ Facebook វិញមានអ្នកស៊ែររាប់ម៉ឺននាក់ ហើយមានមនុស្សរាប់ម៉ឺននាក់បានឃើញ គាត់ឆាប់ដឹង នេះជាវិធីសាស្ត្រល្អ ដូចនេះគ្មានអីដែលត្រូវថា គ្មាន Professional នោះទេ៕