(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប សម្រេចលើឯកសារពាក់ព័ន្ធនឹងការបំផ្លាញសន្លឹកឆ្នោត និងឯកសារបោះឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកន្លងមក និងសម្រេចលើចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ សង្កាត់ធ្វើការបិទផ្សាយជាសាធារណៈ។    

បន្ទាប់ពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញតាមរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យឯកសារម្តងមួយៗ ហើយបានពិភាក្សា និងសម្រេចដូចខាងក្រោម៖ 

ទី១៖ របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងឯកភាពលើកំណត់ហេតុអង្គប្រជុំ គ.ជ.ប នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ និងកំណត់ហេតុអង្គប្រជុំ គ.ជ.ប នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

ទី២៖ របៀបវារៈទី២៖ បន្ទាប់ពីបានពិនិត្យ ពិភាក្សា និងកែសម្រួលរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

*ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការបំផ្លាញសន្លឹកឆ្នោ តដែលប្រើប្រាស់ក្នុងការបោះឆ្នោត ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២២ និងសម្ភារឯកសារបោះឆ្នោតនានា។
*ឯកភាពលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការរៀបចំបំផ្លាញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោត និងសម្ភារ ឯកសារបោះឆ្នោតនានា។ យោងតាមខ្លឹមសារប្រការ៦ សេចក្តីព្រាងនៃសេចក្តីសម្រេចនេះ បានចែងថា សន្លឹកឆ្នោ តដែលបានប្រើក្នុងការបោះឆ្នោត និងសម្ភារ ឯកសារបោះឆ្នោតនានា ដែលបានគ្រប់ គ្រងនិងរៀបចំដោយ គ.ជ.ប ហើយត្រូវបំផ្លាញចោល ត្រូវបានកំណត់ដូចខាងក្រោម៖

*សន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រតាមនីតិកាលនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៦ឆ្នាំ។
*សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក-ព្រឹទ្ធសភាតាមនីតិកាលនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៦ឆ្នាំ។
*សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៣ឆ្នាំ។
*សន្លឹកឆ្នោតដែលត្រូវបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមអាណត្តិនីមួយៗ និងស្បោងដាក់សម្ភារ ឯកសារបោះឆ្នោត បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពក្នុងរយៈពេល ៣ឆ្នាំ។

ទី៣៖ របៀបវារៈទី ៣៖ អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ សម្រាប់ឃុំ សង្កាត់បិទផ្សាយជាសាធារណៈនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ នេះ រួមមាន៖

*អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងមានចំនួន ១០.១៦២.២១០នាក់ ក្នុងនោះស្ត្រីមានចំនួន ៥.៣៩៣.២៩៩នាក់ ស្មើនឹង ៩០,៥០% ធៀបនឹងចំនួនប្រជាពលរដ្ឋ
អាយុ ១៨ឆ្នាំឡើងចំនួន ១១.២២៩.០៤៩នាក់។
*អ្នកបោះឆ្នោតដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត (អ្នកផ្លាស់ចេញ អ្នកដែលបានទទួលមរណភាព ឈ្មោះស្ទួន និងអ្នកត្រូវបានដកសិទ្ធិបោះឆ្នោត) មានចំនួន ១៦៣.០៣៤នាក់។
*អ្នកបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រចំនួន ២.៥៦២.៤៨៧នាក់។
*ការិយាល័យបោះឆ្នោតមានចំនួន ២៤.២៣៥ការិយាល័យ។

និងទី៤៖ របៀបវារៈទី៤៖  អង្គប្រជុំ គ.ជ.ប សម្រេចយកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ជាថ្ងៃក្រុងពាលី និងចម្រើនព្រះបរិត្តប្រោះព្រំប្រសិទ្ធពរជ័យ អគារទីស្តីការថ្មីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕