(ព្រះវិហារ)៖ បន្ទាប់ពីខេត្តកំពង់ធំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
នាឱកាសនោះដែរ រដ្ឋមន្រ្តីបានលេីកឡេីងពីទស្សនាទាន «មានហូប មានបាន មានប្រេី និងមានរហូត» ដោយសង្កត់ធ្ងន់លេីសារៈសំខាន់នៃវិស័យកសិកម្មកម្ពុជាដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀងក្នុងគ្រប់កាលៈទេសៈ ដូចជាវិបត្តិជំងឺកូវីដ១៩ គ្រោះរាំងស្ងួតបង្កដោយបាតុភូតអ៊ែលនីញ៉ូ និងគ្រោះទឹកជំនន់នាពេលកន្លងមក ជាពិសេសក្នុងស្ថានភាពនៃការបង្កហេតុបិទព្រំដែនដោយក្រុមជ្រុលនិយមថៃនាពេលបច្ចុប្បន្ន។
ទន្ទឹមនឹងការផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំយកអស់កម្លាំងកាយចិត្តអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសេីរជួយដល់ប្រជាកសិករ, លោករដ្ឋមន្ត្រីក៏បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ និងសិល្បៈនៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ តាមរយៈយន្តការរក្សាលំនឹងថ្លៃ ការលេីកទឹកចិត្តឱ្យកសិករធ្វេីពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនេីប ដេីម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រេីនថែមទៀត៕