(ភ្នំពេញ)៖ ក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» នា ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការ អាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រកាសអំពីគោលជំហរយ៉ាងច្បាស់លាស់ក្នុងការផ្តល់ការគាំទ្រលើវិស័យសកម្មភាពមីន និងផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ជាពិសេសភាពជាដៃគូ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា។
ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តីក៏បានលើកឡើងដោយមោទនភាពថា ការគាំទ្ររបស់ប្រទេសចិន គឺមិនត្រឹមតែវិសាលភាពនៃជំនួយទេតែជាចក្ខុវិស័យ និងការប្តេជ្ញាចិត្តប្រកបដោយយុទ្ធសាស្ត្រ ដោយកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងសកម្មភាពមីន គឺមិនត្រឹមតែជាការបោសសម្អាតមីន និង គាំទ្រការងារមនុស្សធម៌នោះទេ តែជាការត្រួសត្រាយផ្លូវសម្រាប់អនាគតនៃវិបុលភាពរួមគ្នា សន្តិភាព និងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន។
ទេសរដ្ឋមន្រ្តី លី ធុជ បាន បញ្ជាក់បន្ថែមថា គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» គឺជាដំណើរដ៏អស្ចារ្យក្រោម មិត្តភាពកម្ពុជា-ចិន ជាមិត្តភាពបានចូលរួមប្រែក្លាយកម្ពុជាចេញពីផេះនៃសង្គ្រាម ឆ្ពោះទៅរកពន្លឺនៃក្តីសង្ឃឹមនិងវិបុលភាព ហើយឈានដល់ការកសាងជោគ វាសនារួមគ្នា ហើយគម្រោងនេះពិតជាមានសំខាន់ណាស់ក្នុងចូលរួមចំណែកដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរជំនាញ ចំណេះដឹង វប្បធម៌ ប្រជាជន និងបច្ចេកទេស រវាងប្រទេសទំាង៦ក្នុងតំបន់ទន្លេរមេគង្គ។
ទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យប្រទេសចិនបន្តគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើវិស័យសកម្មភាពមីនក្រោមមូលនិធិពិសេសរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គឡានឆាង៕