(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំក្រុមអ្នកសារព័ត៌មានប្រមាណជាង៣០នាក់ មកពី២២ស្ថាប័ន ផ្សព្វផ្សាយពីសក្តានុពលវិស័យកសិកម្មនៅខេត្តកំពង់ចាម ដែលកំពុងរីកចម្រើន និងកំពុងត្រូវការកម្លាំងពលកម្មជាច្រើន។ យុទ្ធនាការផ្សព្វផ្សាយនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។

ដំណើរបេសកកម្មនេះ បានទៅចំការកៅស៊ូបឹងកេត ចំការទុរេននាគខៀវបឹងកេត និងចំការទុរេនបែកអន្លូក ក៏ដូចជាចំការចេកអំបូងលឿង ដែលជាការដាំដុះសម្រាប់នាំចេញទៅកាន់ប្រទេសចិន ប្រទេសជប៉ុនផងដែរ។ ជាពិសេស ចំការដំណាំទាំងនេះសុទ្ធតែជាការដាំដុះដោយកូនខ្មែរ១០០% ជាមួយនឹងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែង។ តួរយ៉ាងដូចជាក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណលបានបញ្ជាក់ថា ឥលូវនេះយើងកំពុងខ្វះកម្មករប្រមាណ ១,០០០នាក់ទៀត ដើម្បីបម្រើក្នុងខ្សែច្រវ៉ាក់ផលិតកម្មតាមផ្នែកជាច្រើនក្នុងនោះមានរោងចក្រកែច្នៃជ័រកៅស៊ូ រោងចក្រផលិតក្រដាស រោងចក្រផលិតជី និងកម្លាំងពលកម្មដើម្បីបម្រើការងារនៅចម្ការចេក និងទុរេនរាប់ពាន់ហិកតា។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញក្ដីរំភើប ក្រោយបានឃើញច្បាស់ជុំវិញផលិតកម្មកសិឧស្សាហកម្មរបស់កម្ពុជា ដែលបំពេញឥលូវការប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ជាពិសេសបានផ្ដល់នូវឱកាសការងារជាច្រើនកន្លែងដល់ពលករខ្មែរដែលមិនចាំបាច់ចំណាកស្រុកទៅក្រៅប្រទេស ហើយស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល៕