(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា គ្រោងនឹងរៀបចំ «វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញលើកទី២» នៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នៅតំបន់កោះពេជ្រ ដើម្បីបង្កើនការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងពិធីបើកសន្និសីទសារព័ត៌មានស្តីពី វេទិកាពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា វេទិកា និងពិព័រណ៍អនឡាញនេះ មានគោលបំណងជំរុញកិច្ចពិភាក្សា អំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថលក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ។

លើសពីនោះទៀត ក៏នឹងជំរុញការ នាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល Cambodia Trade.com របស់ក្រសួងពាណិជ្ជកម្ម។ នេះជាការគូសបញ្ជាក់បន្ថែម របស់លោកស្រី ជា រដ្ឋា។

លោកស្រី ជា រដ្ឋា បានឲ្យដឹងទៀតថា វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញនេះ ជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងឆ្នាំ២០២៥ ក្រោមការដឹកនាំរៀបចំឡើង ដោយក្រសួងពាណិជ្ជកម្ម បន្ទាប់ពីការទទួលបានជោគជ័យ ក្នុងការរៀបចំ កាលពីឆ្នាំ២០២៤ ដែលជាវេទិកាអមពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)។

ទន្ទឹមគ្នានេះ លោកស្រីបន្ថែមថា ស្របតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ថ្លែងក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជំរុញឱ្យមានការបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលខ្មែរ។

លោកស្រី ជា រដ្ឋា បានបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅចំបងៗ រួមមាន៖

* ការបង្កើនការចូលរួមកាន់តែច្រើន ក្នុងការធ្វើពាណិជ្ជកម្មឌីជីថល,
* ទទួលបាននូវការផ្ដល់យោបល់ជាគោលនយោបាយល្អៗ ពីកម្មវិធីជជែកដេញដោលយុវជន,
* ជំរុញការធ្វើប្រតិបត្តិការ «ទិញផលិតផលខ្មែរ តាមអនឡាញ» កាន់តែច្រើនតាមរយៈ CambodiaTrade.com និង ecommerce marketplace ផ្សេងទៀត,
* ការចាប់ដៃគូរវាងផ្នែកដឹកជញ្ជូន និងភ្នាក់ងារទូទាត់កាន់តែច្រើនឡើង។

សូមជម្រាបថា វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដែលមានទ្រុងទ្រាយធំនេះ គឺការផ្តួចផ្តើមដោយមានចក្ខុវិស័យមោះមុត និងវែងឆ្ងាយរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដោយមានបញ្ចូលកម្មវិធីសំខាន់ដូចជា៖

១៖ ការរៀបចំស្តង់តាំងបង្ហាញផលិតផល សេវាកម្មឌីជីថល E-commerce, Marketplace, ក្រុមហ៊ុនដឹកជញ្ជូន, ធនាគារ និងអាជីវកម្មអនឡាញ ចំនួន៥០ស្តង់,
២៖ ការថ្លែងសុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សារបស់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកជំនាញ លើផ្នែកបញ្ញាសប្បនិម្មិត និងពាណិជ្ជកម្មឌីជីថល ក្នុងវេទិការពាណិជ្ជកម្មឌីជីថល
៣៖ ផ្ដល់ឱកាសឱ្យយុវជនចូលរួម ក្នុងកម្មវីធីជជែកដេញដោល (Youth Dabate),
៤៖ ការផ្សាយផ្ទាល់ ដើម្បីជំរុញ យុទ្ធនាការ «ទិញផលិតផលខ្មែរតាមអនឡាញ» ជាដើម (Live Shopping & Flash Sale)៕