(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមក្នុងវិស័យទេសចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
សិក្ខាសាលានេះ ផ្តោតសំខាន់លើប្រធានបទសំខាន់ៗចំនួន៣ រួមមាន៖ ទី១ កម្មសិទ្ធិបញ្ញាក្នុងវិស័យទេសចរណ៍ ទី២ ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្នុងវិស័យទេសចរណ៍, និងទី៣ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍។
ជាមួយគ្នានេះ សិក្ខាសាលាមានការអញ្ជើញចូលរួមពីលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ សរុបចំនួន ៣១២នាក់។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ផលិតផលក្លែងក្លាយមិនត្រឹមតែបានប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យបាត់ជំនឿទុកចិត្តដល់វិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជាថែមទៀតផងដែរ។
ក្នុងន័យនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឲ្យម្ចាស់សណ្ឋាគារ, ភោជនីយដ្ឋាន, អាហារដ្ឋាន និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ត្រូវចូលរួមអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។ ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់ដោយណែនាំឲ្យមានការយកចិត្តទុកដាក់រៀបចំឲ្យមានបន្ទប់ទឹក និងបន្ទប់ទឹកមានអនាម័យស្អាត ប្រកបដោយគុណភាព។
បន្ថែមពីនេះ រដ្ឋមន្ត្រី ហួត ហាក់ ជំរុញការលើកតម្កើងផលិតផលខ្មែរ និងគាំទ្រកសិករ និងអ្នកផលិតក្នុងស្រុកឲ្យផ្តោតលើគុណភាព ជាពិសេសលើកទឹកចិត្តភ្ញៀវទេសចរឲ្យទិញវត្ថុអនុស្សាវរីយ៍ដែលធ្វើដោយដៃ និងផលិតនៅកម្ពុជា៕