(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ (តាមាន់ធំ តាមាន់តូច និងតាក្របី) ក្នុងខេត្តឧត្តរមានជ័យ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាព្រឹត្តការណ៍ «ការធ្វើដំណើរថ្មើរជើង» (Solidarity March) នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។
ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ព ដែលឈរជើងតាមបណ្ដោយព្រំដែន រដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
រដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ចែកជូនដល់ កងកម្លាំងជួរមុខ ដើម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។
សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនា កន្លងទៅរដ្ឋមន្ត្រី ឌិត ទីណា ក៏បានដឹកនាំប្រតិភូក្រសួង ចុះសួរសុខទុក្ខកងកម្លាំងជួរមុខឈរជើងក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យផងដែរ។
មុននឹងបញ្ចប់ រដ្ឋមន្ត្រីបានថ្លែងអំណរគុណថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួងសប្បុរសជន និងបណ្តាក្រុមហ៊ុន ដែលបានចូលរួមចំណែកគាំទ្រដល់ការពង្រឹងខឿនការពារជាតិរបស់ប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត ក្នុងស្មារតីរួបរួមខ្មែរតែមួយ៕