(ពោធិ៍សាត់)៖ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្ត និងប្រគេនទេយ្យទានព្រះសង្ឃ នៅវត្តកែវវិជ័យ ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែ ត្រូវបានរៀបចំឡើងក្រោមវត្តមាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់សាខា ព្រមទាំងមានការអញ្ជើញចូលរួមពី លោកអនុប្រធានអចិន្ត្រៃយ៍ នាយក នាយករងសាខា សមាជិក សមាជិកាសាខា យុវជនកាកបាទក្រហមខេត្ត យាយជី តាជី និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៩យាងចូល៩០ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវអំណរសាទរឥតឧបមា ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយចំពោះ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលខ្លាំងក្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគា ព្យាធិនានា និងសូមទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ត្រជំ សម្បូរសប្បាយ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង របស់ទឹកដី សុវណ្ណភូមិ និងប្រជារាស្ត្រ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរម រាជានុញ្ញាត នុញ្ញាត សម្តែងថ្វាយនូវកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះបំផុត ចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ដ៏ឧដុង្គឧត្តម ក្នុងព្រះរាជសកម្មភាព ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដើម្បីជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះរាជានុញ្ញាតជាថ្មីម្តងទៀត លើកហត្ថប្រណមបួងសួង ដល់វត្ថុស័ក្តិសិទ្ធ ទាំងឡាយក្នុងលោក គុណបុណ្យនៃព្រះរតនត្រ័យ កែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា ព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបុណ្យបារមី នៃដួងព្រះវិញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសឫទ្ធិបារមី នៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ" សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់សមប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕