(ភ្នំពេញ)៖ សិស្ស និស្សិតមកពីខេត្តគួយចូវ នៃប្រទេសចិន ដែលបានមកធ្វើកម្មសិក្សានៅក្នុងប្រទេសកម្ពុជា បានសន្យាថា ពេលត្រឡប់ទៅប្រទេសចិនវិញ នឹងជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងតំបន់ទេសចរណ៍ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត ទៅដល់ជនជាតិខ្លួន ដើម្បីឲ្យពួកគេមកលេងប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។

លើកឡើងក្នុងពិធីបិទកម្មវិធីផ្លាស់ប្ដូរការសិក្សា របស់និស្សិតខេត្តគួយចូវ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់» កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ និស្សិតចិន លើកឡើងថា ពួកគេពិតជាមានភាពកក់ក្ដៅនៅពេលមកដល់ប្រទេសកម្ពុជា ជាមួយនឹងការទទួលរាក់ទាក់យ៉ាងស្និទ្ធស្នាលរបស់ក្រុមការងារនៃភាគីនៅប្រទេសខ្មែរ ហើយក្នុងរយៈពេល ១៤ថ្ងៃ នៃការចូលរួមកម្មវិធីផ្លាស់ប្ដូរសិក្សានេះ គឺពិតជាទទួលបានចំណេះដឹងពាក់ព័ន្ធនឹងវប្បធម៌ខ្មែរ ដែលបានមានជាយូរលង់ណាស់មកហើយនោះ ។

ក្រុម សិស្ស និស្សិតមកពីខេត្តគួយចូវ បានបន្តថា ក្នុងកម្មវិធីសិក្សានេះពួកគេក្រៅពីបានសិក្សានៅក្នុងសាលា ក៏បានចុះទស្សនាដោយផ្ទាល់ នៅតាមរមណីយដ្ឋានមួយចំនួន ក្នុងរាជធានីភ្នំពេញ ក៏ដូចជាការជិះស៊ីក្លូ ហើយបានសិក្សាស្វែងយល់ពីតំបន់ទេសចរណ៍ជាច្រើនទៀត នៅប្រទេសកម្ពុជា ក្នុងនោះមានប្រាសាទអង្គរវត្តដ៏អច្ឆរិយៈផងដែរ ។

លោក លឹម វុទ្ធី ស្ថាបនិកសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានរៀបចំឲ្យមានកម្មវិធីនេះឡើង បានឲ្យដឹងថា ក្នុងរយៈពេល១៤ថ្ងៃនេះ និស្សិតចិនទាំងជាង ៣០នាក់នោះ បានសិក្សាថ្នាក់វប្បធម៌សីលធម៌ខ្មែរ ថ្នាក់វប្បធម៌សំលៀកបំពាក់ខ្មែរ ថ្នាក់អក្សរសាស្ត្រខ្មែរ ថ្នាក់ពាណិជ្ជកម្មអន្តរជាតិ ថ្នាក់វប្បធម៌ព្រះពុទ្ធសាសនា ថ្នាក់ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត ថ្នាក់មូលដ្ឋាន និងសន្ទនាភាសាខ្មែរ និងថ្នាក់ប្រវត្តិស្ថាបត្យកម្មកម្ពុជា ជាមួយនេះ មានសកម្មភាពជិះស៊ីក្លូទៅទស្សនាព្រះបរមរាជវាំង វត្តភ្នំ និងផ្សារថ្មីជាដើម ។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមកិច្ចសហប្រតិបត្តិការអប់រំកម្ពុជា អាស៊ាន-ចិន លើកឡើងថា កម្មវិធីកម្មវិធីផ្លាស់ប្ដូរការសិក្សា ពិតជាបានចូលរួមចំណែក ជំរុញបន្ថែមទៀតនៃ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០២៥» ដែលបានដាក់ចេញកាលពីពេលថ្មីៗនេះ ។

ជាមួយនេះ លោកប្រធានសមាគម ក៏បានថ្លែងអំណរគុណដល់លោកបណ្ឌិត ស្រេង វង្សហ៊ាង ប្រធានកិត្តិយសសាលាស្ទេបហ្វរវើដអន្តរជាតិ ដែលបានជ្រោមជ្រែងឲ្យមានកម្មវិធីនេះឡើង ដែលជាឱកាស​ក្នុងការផ្សព្វផ្សាយ​ពីវប្បធម៌ខ្មែរ និងតំបន់ទេសចរណ៍ខ្មែរ ទៅកាន់ប្រទេសចិន ដែលមានប្រជាពលរដ្ឋដ៏ច្រើន ហើយកាន់តែធ្វើឲ្យមានចំណងមិត្តភាពខ្លាំងបន្ថែមទៀត រវាងកម្ពុជា-ចិន ជាពិសេសដល់យុវជនជំនាន់​ក្រោយនៃប្រទេសទាំងពីរ ក៏ដូចជាបានស្វះស្វែងរកអាហារូបករណ៍ ផ្ដល់ដល់និស្សិតខ្មែរបានទៅសិក្សានៅក្រៅប្រទេស ៕