(កំពត)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុង ពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី៣៣ នៅសាលសន្និសីទបូកគោ សាលាខេត្ដកំពត ដែលសមាជិក សមាជិកាថ្មី ត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៨៤នាក់ មកពីសាខាសមាគមចំនួន៣ គឺសាខាខេត្តសៀមរាប រាជធានីភ្នំពេញ និងសាខាខេត្តកំពត។
ការប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ៣៨៤នាក់ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ក៏មានការសម្ដែងរបាំជូនពរដោយសមាជិកសកម្មសាខាខេត្ដកំពត ដើម្បីថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសសមាគមកាយប្ញទ្ធិនារីកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មាយុគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា។
ក្នុងពិធីបញ្ជូលសមាជិក សមាជិកាថ្មីខាងលើនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានរបស់សមាជិក សមាជិកាចាស់ និងថ្មីទាំងអស់ ដែលចូលមកពី៧សាខារាជធានី-ខេត្ដ សរុបប្រមាណ ៧៩៦នាក់។
លោកជំទាវបណ្ឌិតបានគូសរម្លឹកថា សមាគមកាយឬទ្ធិនារីកម្ពុជា បានបង្កើតឡើងវិញក្រោយពីសង្គ្រាម គឺនៅក្នុងឆ្នាំ១៩៩៦ ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយសសមាគមកាយប្ញទ្ធិនារីកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា ចាប់តាំងពីចាប់ផ្ដើម រហូតដល់បច្ចុប្បន្ន គឺសមាគមកាយឬទ្ធិកម្ពុជា គឺតែងតែប្រកាប់យ៉ាងខ្ជាប់ខ្ជូននូវកាតព្វកិច្ចរបស់ខ្លួនក្នុងការជួយអភិវឌ្ឍថាមពលកុមារី និងយុវតី ឱ្យក្លាយជាពលរដ្ឋល្អ មានទំនួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសង្គត់ធ្ងន់ថា «ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ ជឿនលឿនទៅបានលុះត្រាតែមានធនធានមនុស្សល្អ ហើយធនធានល្អ និងពលរដ្ឋល្អ គឺត្រូវចាប់ផ្ដើមពីប្អូនៗក្មួយៗនេះឯង ត្រូវអភិវឌ្ឍខ្លួន និងមានទំនួលខុសត្រូវលើខ្លួនឯងជាមុនសិន ក្រោយមកបានយើងទៅបង្កើតគ្រួសារមួយល្អ និងបន្ដទៅសហគមន៍។ ដូច្នេះបេសកកម្មរបស់សមាគមកាយឬទ្ធិនារីកម្ពុជា គឺបង្រៀនឲ្យប្អូនៗមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យដ៏ជាក់លាក់មួយគឺចង់ឃើញកុមារី យុវតីកម្ពុជា រស់នៅក្នុងសីលធម៌សេរី សមភាពសេចក្ដីថ្លៃថ្នូរ និងមានវឌ្ឍនភាពចំពោះវប្បធម៌ និងអត្ដសញ្ញាណរបស់ខ្លួន»។
ឆ្លៀតក្នុងឳកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណចំពោះការប្រោសព្រះរាជទានទំនុកបម្រុងគាំទ្រ និងការចង្អុលបង្ហាញបំភ្លឺផ្លូវដ៏ឧត្តុង្គឧត្តមបំផុតពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែ ព្រះប្រធានកិត្តិយស និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានជ្រោមជ្រែងឱ្យសមាគមអាចបង្កើនសន្ទុះការងារដោយសម្រេចបានវឌ្ឍនភាពលើសកម្មភាពជាច្រើនគួរឱ្យកត់សម្គាល់ ដែលរួមមានទាំងលើការអនុវត្តការងារប្រចាំថ្ងៃរបស់សមាគម, កម្មវិធីបញ្ចូលសមាជិកថ្មី, ការអប់រំបណ្តុះបណ្តាល, ការចូលរួមថែរក្សាបរិស្ថាន, ការងារពាក់ព័ន្ធសុខភាព និងសុវត្ថិភាព, សកម្មភាពវប្បធម៌ សិល្បៈ ប្រពៃណី និងសិប្បកម្ម, ការហាត់សម្ដែងរបាំរបស់ក្រុមកុមារី យុវតី, ការរៀបចំពិធី Thinking Day, កម្មវិធីផ្សព្វផ្សាយអំពីប្រវត្តិ និងចលនារបស់សមាគមកាយឫទ្ធិកម្ពុជា, ការចុះព្យាបាលជំងឺទូទៅ និងពិនិត្យសុខភាពមាត់ធ្មេញ ជាដើម។ល។
លោកជំទាវបណ្ឌិត អគ្គស្នងការនៃគណៈកម្មាធិការប្រតិបត្តិ បានថ្លែងអំណរគុណដល់សមាជិក សមាជិកា សកម្ម និងគាំទ្រទាំងអស់ ដែលបានចូលរួមក្នុងការគាំទ្រ និងចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារៈ និងថវិកា ក្នុងការជួយដល់កុមារី យុវតី តាមរយៈសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងប្តេជ្ញានឹងប្រើប្រាស់ជំនួយពីសប្បុរសជននានា ដើម្បីបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបន្តជួយអភិវឌ្ឍថាមពលរបស់កុមារី យុវតីខ្មែរ ឱ្យមានអនាគតល្អ និងក្លាយជាធនធានមួយដ៏ចាំបាច់ក្នុងការកសាងប្រទេសជាតិយើងតទៅមុខទៀត។
សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្ពោះទៅភាពជោគជ័យ ដើម្បីបន្តរួមចំណែក ជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍធនធានកុមារី យុវតី និងស្របតាមគោល ការណ៍សមាគមកាយឫទ្ធិនារីពិភពលោក។ បន្ថែមពីនេះសមាគមបានបង្កលក្ខណៈ ដល់កុមារី និងយុវតីយើង បានប្រើប្រាស់សក្ដានុពល និងសមត្ថភាពរបស់ពួកគេបានពេញលេញ ក្នុងនាមជាពលរដ្ឋល្អ មានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះសង្គម ប្រទេសជាតិ និងពិភពលោក ហើយស្របតាមគោលនយោបាយអភិវឌ្ឍន៍ស្ដ្រីកម្ពុជារបស់រាជរដ្ឋាភិបាល។
សូមជម្រាបថា គិតត្រឹមឆ្នាំ២០២៥នេះ សមាគមកាយឬទ្ធិនារីកម្ពុជា មានចំនួន ៧សាខា ដែលមានសមាជិក សមាជិកាសរុប ជាង៨ពាន់នាក់ ហើយនឹងបន្តពង្រីកឲ្យមានសាខាទូទាំង ២៥ រាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕