(ភ្នំពេញ)៖ ក្រុមធម្មសកម្ម (Dhama in Action) នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានសហការជាមួយអាជ្ញាធរមីនកម្ពុជា រៀបចំបទឧទ្ទេសស្តីពី «ភាពដឹកនាំប្រកបដោយគុណធម៌» ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីន នៅទីស្តីការអាជ្ញាធរមីនកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង និងទំនួលខុសត្រូវ ក្នុងការដឹកនាំ និងការអភិវឌ្ឍស្ថាប័នអាជ្ញាធរមីន ឱ្យកាន់តែមានភាពរឹងមាំ ការរីកចម្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។

បទឧទ្ទេសនេះធ្វើឡើងក្រោយអធិបតីភាពលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន ចំណែកក្រុមធម្មសកម្ម (Dhama in Action) ដឹកនាំដោយលោកសាស្ត្រចារ្យបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមធម្មសកម្ម, មហាឧបាសក អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកអាជ្ញាធរមីនជាច្រើនរូប។

ថ្លែងនាឱកាសនោះលោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ក្រុមធម្មសកម្ម ដែលមានលោកបណ្ឌិត ម៉ី កល្យាណ ជាប្រធាន និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញរៀបចំបទឧទ្ទេស ដ៏សំខាន់នេះឡើង។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា ដើម្បីឱ្យស្ថាប័នមានការអភិវឌ្ឍ និងទទួលបានការវាយតម្លៃខ្ពស់ មន្រ្តី-បុគ្គលិក ត្រូវមានភាពស្មោះត្រង់ ការទទួលខុសត្រូវ និងចេះគោរពគ្នាទៅវិញទៅមក ហើយសម្រាប់ការគ្រប់គ្រង និងដឹកនាំស្ថាប័ន ត្រូវប្រព្រឹត្តិទៅដោយផ្អែកលើគុណសម្បត្តិ និងមានគុណធម៌ ហើយលក្ខណៈសំខាន់ៗនៃភាពដឹកនាំប្រកបដោយគុណធម៌ ត្រូវមានសុចរិតភាព ភាពស្មោះត្រង់ ការគោរពអ្នកដល់អ្នកដទៃ ភាពទំនួលខុសត្រូវ និងភាពយុត្តិធម៌។

បន្ថែមពីនេះលោក ទេសរដ្ឋមន្រ្តី លី ធុជ បាន ណែនាំ ដល់ ថ្នាក់ ដឹកនាំ មន្រ្ដី បុគ្គលិក អាជ្ញាធរ មីន ទាំងអស់ ត្រូវ បន្ត ការយកចិត្តទុកដាក់ និង កិច្ច ខិតខំ ប្រឹងប្រែង រួម គ្នា ដើម្បី ដឹកនាំ និង សម្របសម្រួល វិស័យ សកម្មភាព មីន នៅ កម្ពុជា ឱ្យ ទទួល បាន ជោគជ័យ ស្រប តាម ចក្ខុវិស័យ របស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះ ទៅរក កម្ពុជា មួយ ដែល គ្មាន ផល ប៉ះពាល់ ដោយ សារ មីន និង សំណល់ ជាតិ ផ្ទះ ពី សង្រ្គាម ។

នាឱកាសនោះលោកសាស្ត្រចារ្យបណ្ឌិត ម៉ី កល្យាណ បានចែករំលែកចំណេះដឹង និងបានសង្កត់ធ្ងន់ទៅលើការសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនា ធ្វើឱ្យមនុស្សមានសេចក្តីចម្រើន មានប្រយោជន៍ និងសេចក្តីសុខ ដែលជាបំណងរបស់មនុស្សគ្រប់គ្នា។ លោកក៏បានចែករំលែកពីការដឹកនាំដែលកើតចេញពីចិត្តប្រកបដោយគុណធម៌ និងទំនួលខុសត្រូវ ក្នុងការដឹកនាំប្រកបដោយសមត្ថភាព ដែលអាចជួយឱ្យស្ថាប័នមួយអាចរីកចម្រើនផងដែរ។

ជាមួយគ្នានោះដែរមហាឧបាសក អៀង សុធារ៉ា បានចូលរួមចែករំលែកបន្ថែមអំពីកូដធម៌របស់ព្រះពុទ្ធសាសនា ដើម្បីឱ្យសន្តិភាពភាពផ្លូវកាយ ផ្លូវចិត្ត, កូដធម៌ ធ្វើជាពលរដ្ឋល្អ, កូដធម៌ ឱ្យមានការអភិវឌ្ឍ និងកូដធម៌ សម្រាប់អ្នកដឹកនាំស្ថាប័ន ក្រុមហ៊ុន ឱ្យមានភាពរីកម្រើនជាដើម។

មហាឧបាសក អៀង សុធារ៉ា បានបន្ថែមថា មេដឹកនាំល្អ ត្រូវមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត និងសមត្ថភាពក្នុងការដឹកនាំបានសម្រេចជោគជ័យ ទាន់ពេលវេលាប្រកបដោយការសំចៃ និងសម្រេចប្រកបដោយប្រយោជន៍ និងជាមេដឹកនាំប្រកដដោយគុណធម៍ និងមានយស មានអំពេីល្អ និងជាមេដឹកនាំប្រកបដោយក្តីរឹងពឹង ហេីយក៏ជាមេដឹកនាំដែលយកព្រំពុទ្ធជាគម្រូ ក្នុងការជួយដល់អ្នកក្រោមឱវាទផងដែរ៕