(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់សម្ភារៈសិក្សា និងកង់ សម្រាប់កុមារជួបការលំបាកតាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តពោធិ៍សាត់។
ពិធីប្រគល់សម្ភារៈសិក្សា និងកង់ សម្រាប់កុមារជួបការលំបាកនេះ ធ្វើឡើងក្រោមការគាំទ្រពីអង្គការ អេដ អេ អាកស្យុង (Aide et Action) និងសាលាអាយលីដអន្តរជាតិ (iLEAD) ដោយមានអ្នកចូលរួម ប្រមាណ៤៩១នាក់ ក្នុងនោះសិស្សានុសិស្ស ប្រមាណ១៨០នាក់។
លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តពោធិ៍សាត់ បានជម្រាបជូនថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានធ្វើកិច្ចសហប្រតិបត្តិការ សកម្មភាពការអនុវត្តគម្រោងជាច្រើន ក្នុងគោលដៅខេត្តពោធិ៍សាត់ ជាមួយអង្គការដៃគូ អេដ អេ អាកស្យុង (Aide et Action) ដោយទទួលបាននូវសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍក្នុងខេត្តទាំងមូល។ គម្រោងដោយផ្ដោតទៅលើការគាំទ្រ កុមារងាយរងគ្រោះ អនាម័យ ទឹកស្អាត បរិស្ថានសាលា ជួសជុលកែលម្អ និងការពង្រឹងសមត្ថភាព ដល់អាជ្ញាធរមូលដ្ឋាន លើការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តពោធិ៍សាត់ បន្តថា ថ្ងៃនេះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បាននាំយកកង់ ចំនួន៦៦៦គ្រឿង, កាបូបស្ពាយ ចំនួន៣ពាន់កាបូប, សៀវភៅសរសេរ ចំនួន១ម៉ឺន៥ពាន់ក្បាល និងកុំព្យូទ័រDesktop Allin1 ចំនួន៦០គ្រឿង មកប្រគល់ជូនសាលាបឋមសិក្សាជំនាន់ថ្មី ចំនួន០៤ ក្នុងខេត្តពោធិ៍សាត់ ក្នុងនោះមានសាលាបឋមសិកសាអូររកា ក្រុងពោធិ៍សាត់, សាលាបឋមសិក្សាហ៊ុនសែនភូមិស្ទឹង ស្រុកកណ្ដៀង, សាលាបឋមសិក្សាអណ្ដូងក្រសាំងស្រុកបាកាន, សាលាបឋមសិក្សាថ្គោលអណ្ដែត ស្រុកក្រគរ និងសិស្សានុសិស្សជួបការលំបាក សរុប៦៦៦នាក់។
ថ្លែងក្នុងឱកាសនោះ លោក វន សំភាស់ នាយកអង្គការ អេដ អេ អាកស្យុង (Aide et Action) បានឱ្យដឹងថា ការប្រគល់កង់ជូនសិស្សានុសិស្សជួបការលំបាក ពីមុនមកដល់ថ្ងៃនេះ គឺមានចំនួន២២.៦៦៦គ្រឿងហើយ ដែលអង្គការ បានសហការជាមួយអាជ្ញាធរ ក្រសួងពាក់ព័ន្ធ បានផ្ដល់ទៅដល់កុមារក្រីក្រ និងសាលារៀនជាច្រើន នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ខេត្តពោធិ៍សាត់ ការផ្ដល់កង់ ចំនួន៦៦៦គ្រឿងនេះ គឺជាមធ្យោបាយដល់សិស្ស បានជិះទៅរៀន ជាពិសេសគឺសិស្សក្រីក្រជួបការលំបាក។
លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា គុណតម្លៃរបស់អង្គការដៃគូ អេអេដ អេ អាកស្យុង (Aide et Action) ពិតជាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញ ធ្វើឱ្យមានការគាំទ្រពីក្រៅប្រទេស យកមកជួយដល់សង្គមកម្ពុជា។ ថ្នាក់ដឹកនាំទាំង២ ថ្លែងអំណរគុណដល់អង្គការ អេដ អេ អាកស្យុង (Aide et Action) និងសាលាអាយលីដអន្តរជាតិ (iLEAD) រួមទាំងដៃគូរមួយចំនួនទៀត ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងជាមួយសមាគម ដើម្បីជួយដល់កុមារ និងការអភិវឌ្ឍន៍ ក្នុងខេត្តពោធិ៍សាត់ទាំងមូល។
រដ្ឋបាលខេត្ត និងសមាគម នឹងខិតខំបន្តធ្វើការងារជាមួយអង្គការដៃគូ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស រួមចំណែកជាមួយសង្គមជាតិ ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕